មេប៉ូលិសក្រុងភ្នំពេញ ហៅ​អធិការរង​ខណ្ឌម្នាក់ មក​សួរនាំ​រឿង​គំរាម​សម្លាប់​ប៉ូលិស​ចរាចរណ៍

ភ្នំពេញ៖ បន្ទាប់ពីអធិការរងខណ្ឌឬស្សីកែវម្នាក់ រងការចោទប្រកាន់ថា គំរាមសម្លាប់នាយផ្នែកចរាចរណ៍ខណ្ឌ័ឬស្សីកែវ ក្រោយជនរងគ្រោះមិនព្រមដោះលែងជនល្មើសចរាចរណ៍ ច្បាប់ស្រវឹងហើយបើកបរយាន្តយន្តតាមដងផ្លូវ។ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា នេះ​លោក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ហៅ​​អធិការរងរូបនេះមក​សាកសួរ។

លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ អាច​ត្រូវ​រង​នូវ​ពិន័យ​ខាង​កងកម្លាំង និង​អាច​ប្រឈម​ការ​ផ្អាក​ការងារ​ផង​ដែរ បើសិន​រក​ឃើញ​កំហុស ។

ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​ពិនិត្យ​មើល​ហើយ ខ្ញុំ​កំពុង​តែ​ហៅ​មក ដើម្បី​ដាក់​ពិន័យ ខាង​កងកម្លាំង ហើយ​បើ​រក​ឃើញ​ថា ពិតជា​មានការ​គំរាម​មែន យើង​ពិនិត្យ​មើល​តាម​នឹង​ទៅ អាច​ផ្អាក​ការងារ មួយ​រយៈ​សិន ហើយ​កំពុង​តែ​ហៅ​មក​ធ្វើការ​» ។

សូម​ជម្រាប​ថា ករណី​គំរាម​សម្លាប់​ខាងលើ លោក ចាន់ ពៅ បាន​ផ្ញើ​សារ​ជា​សំឡេង គំរាម​សម្លាប់​ឈ្មោះ លី រ៉ូ​ហ្សា​ត នាយ​ផ្នែក​ចរាចរណ៍ ខណ្ឌឫស្សីកែវ ដោយសារ​តែ​រឿង​មិន​ព្រម​ដោះ​លែង​បក្ខពួក​របស់​ខ្លួន​ដែល​ស្រវឹង ហើយ​ត្រូវ​ចាប់​វាស់​ជាតិ​អាល់កុល កាលពី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ មុខ​វិទ្យាល័យ​ឫស្សី​កែវ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

មហាជន​កំពុង​រង់ចាំ​មើល ចំណាត់ការ​របស់​លោក ស ថេ​ត លើ​លោក ចាន់ ពៅ អធិការរង​ខណ្ឌឫស្សីកែវ ទៅ​ជា​យ៉ាងណា​វិញ ខណៈ​លោកនាយ​ផ្នែក ដែល​ជា​ជន​រង​គ្រោះ​សំណូមពរ​អោយ​ថ្នាក់ដឹកនាំ ជួយ​រក​យុត្តិធម៌ អោយ​រូប​គាត់​ផង ព្រោះ​អធិការរង​ទំនើង​រូប​នេះ គំរាម​សម្លាប់​រូប​គាត់ អោយ​ស្លាប់​ចោល​ប្រពន្ធ​និង​កូន ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds