ជំនន់ទឹកភ្លៀងអាចជន់លិចកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សិលា ជាថ្មីម្តងទៀត
ព្រះសីហនុ ៖ កំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ប្រឈមលិចម្តងទៀតនៅសប្តាហ៍នេះ ដោយសាស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តជាប់មាត់សមុទ្រ។ នេះបើយោងតាមរដ្ឋបាលស្រុកកំពង់សិលា បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា នេះ។
រដ្ឋបាលស្រុកកំពង់សិលា បានអោយដឹងថា ស្ថានភាពជំនន់ទឹកភ្លៀង តាមបណ្តោយផ្លូវជាតិលេខ៤ គឺ កម្ពស់ទឹក នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រ លេខ១១៥-១១៦ ក្នុងភូមិសាស្ត្រភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ កំពុងហក់ឡើងដល់កម្ពស់ ៥,៥០ម៉ែត្រ ពីបាតស្ទឹង ។ រីឯធាតុអាកាស ក៏កំពុងមានភ្លៀងធ្លាក់ខ្លាំង។
ទឹកអាចឡើងដល់កម្រិតត្រូវប្រកាសអាសន្នកម្ពស់ ៥,៨០ម៉ែត្រ ប្រសិនបើភ្លៀងនៅតែធ្លាក់ខ្លាំងដូចថ្ងៃនេះ ។ ទោះជាយ៉ាងនេះក្តី បច្ចុប្បន្ន ការធ្វើដំណើរទៅមកលើកំណាត់ផ្លូវនេះ នៅបន្តជាធម្មតា ទាំងរថយន្តតូច និងរថយន្តធំ មិនទាន់មានការហាមឃាត់នៅឡើយទេ ។ នេះបើតាមការសន្និដ្ឋានរបស់រដ្ឋបាលស្រុក ។
សូមបញ្ជាក់ថា នៅថ្ងៃនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញបញ្ជាឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ក្រោយពីការពិនិត្យ សង្កេត តាមដានជាប់ជាប្រចាំលើស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក បានបង្ហាញថា ដោយសារឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងឥទ្ធិពលរបស់ព្យុះទី ១៤ ឈ្មោះ កាហ្សីគី ( KAJIKI ) និងឥទ្ធិពលនៃខ្យល់មូសុងនិរតីខ្លាំង បានបង្កឱ្យមានការធ្លាក់ភ្លៀងយ៉ាងគំហុក នៅក្នុងខេត្តមួយចំនួនរបស់ព្រះរាជាណាចក្រកម្ពុជា និងនៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសឡាវ ៕
អត្ថបទ៖ សុខ លាភ