ធនាគារជាតិ ប្រកាសដូរយកក្រដាសប្រាក់រៀល ចាស់ ទក់ ឬរហែក ឱ្យក្រដាសប្រាក់រៀលថ្មីវិញ
ភ្នំពេញ៖ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល រយៈពេល ១១ថ្ងៃ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។ យុទ្ធនាការនេះ នឹងផ្ដល់ឱកាសដល់សាធារណជន ដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ ឬរហែក អាចមកដូរយកក្រដាសប្រាក់រៀលថ្មី នៅតាមបញ្ជរបេឡារបស់លេខាធិការធានាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្ដាល) រៀងរាល់ម៉ោងធ្វើការ ។
ការធ្វើយុទ្ធនាការស្រលាញ់ប្រាក់រៀលនេះ ជាការចូលរួមចំណែកលើកទឹកចិត្ត និងគាំទ្រប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ ៕
អត្ថបទ៖ សុខ លាភ