ប្រពន្ធលោកគ្រូបង្រៀនដែលបានចូលដៃជាមួយប្រុសស្នេហ៍បាញ់សម្លាប់ប្តីកាលពីអាទិត្យមុននោះ ត្រូវបានបញ្ចូនឡើងទៅតុលាការហើយ
(ភ្នំពេញ)៖ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ និងជាព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះថា តំណាងអយ្យការលោក ស្រី ម៉ាកនី បានសម្រេចចោទប្រកាន់នាងជាប្រពន្ធពីបទផ្តើមគំនិតក្នុងអំពើឃាតកម្ម ចំណែកបុរសសាហាយ ត្រូវចោទពីបទឃាតកម្មគិតទុកជាមុន ក្នុងករណីឃាតកម្មរៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួន។ លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា សំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរហើយនៅរសៀលថ្ងៃនេះ។ កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានបញ្ជូនស្ត្រីដៃដល់ ដែលបានរៀបចំគំរោងការជាមួយប្រុសស្នេហ៍ រហូតបាញ់សម្លាប់ប្តីបានសម្រេច ទៅតុលាការ។ រហូតមកដល់ពេលនេះ ជនដៃដល់ជាប្រុសស្នេហ៍ កំពុងរត់គេចខ្លួននៅឡើយ។
សូមបញ្ជាក់ថា ករណីឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានអ្នករៀប ចំផែនការហើយ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ដែលជាប្រពន្ធរបស់ជនរងគ្រោះ ខណៈដែលខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន។ មន្ដ្រីនគរបាលខណ្ឌសែនសុខ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ស្ដ្រីដែលជាអ្នករៀបចំផែនការបាញ់សម្លាប់ប្ដី ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន អាយុ២៦ឆ្នាំ គ្មានមុខរបរ ស្នាក់នៅជាមួយប្តី (សពឈ្មោះ រឿន រតនា) ជាគ្រូបង្រៀន នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវចាប់ខ្លួនបន្ទាប់ពីកម្លាំងនគរបាលជំនាញ បានធ្វើការស៊ើបសួរស្រាវជ្រាវអ្នកជិតខាង រួមទាំងសាច់ញាតិខាងជនរងគ្រោះ (សព) បានដឹងតម្រុយថា កន្លងមកជនសង្ស័យជាប្រពន្ធ រស់នៅមិនចុះសម្រុងជាមួយប្តី ហើយនៅពេលហៅមកសាកសួរ ដេញដោលជាច្រើន មានចំណុចគួរឲ្យសង្ស័យ។
ដើមឡើយជនសង្ស័យ បានប្រាប់សមត្ថកិច្ច ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅវិញ ប៉ុន្ដែចុងក្រោយជនសង្ស័យជាប្រពន្ធ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តី ក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ ស្រ្តីដែលរៀបចំផែនការបាញ់សម្លាប់ប្តីបានបញ្ជាក់ថា កន្លងមកប្តីតែងតែមានទំនាស់ជាមួយខ្លួនរស់នៅមិនចុះសម្រុងគ្នា និងធ្លាប់មានទំនាស់ពាក្យសំដីជាមួយបុរសផ្សេងម្នាក់ទៀត ដែលនាងធ្លាប់ស្គាល់។ ទើបថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរសព្ទ័ជួបបុរសម្នាក់ ធ្លាប់ស្គាល់នោះរៀបចំផែនការបាញ់សម្លាប់ប្តីតែម្តង។
លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីបានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លូនក៏បានទូរស័ព្ទឲ្យខ្មាន់កាំភ្លើង ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយខ្លួនបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះ ជនសង្ស័យបានទូរស័ព្ទឲ្យបក្ខពួក ចាំផ្លូវលុះពេលជនរងគ្រោះ មកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏បាញ់សម្លាប់តែម្តងរួចជិះគេចខ្លួន ដោយក្រោយពេលបាញ់សម្លាប់រួចបក្ខពួក បានទូរស័ព្ទមកប្រាប់ថា បាញ់សម្លាប់បានសម្រេចហើយ រួចបិទទូរស័ព្ទ និងគេចខ្លួនបាត់រហូតមកដល់ពេលនេះ។ រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕