ក្រសួងទេសចរណ៍ សង្ឃឹមថា នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន» ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាតិឱ្យបានច្រើន

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានជំរុញឱ្យក្រុមយុវជនកម្ពុជាដែលត្រៀមចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន» ជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅដល់បណ្ដាយុវជននៃប្រទេសដទៃទៀត ដូចជាគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ សៀមរាប-អង្គរ ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងសហគមន៍អេកូទេសចរណ៍ជាដើម។

ការជំរុញយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងកិច្ចជំនួបជាមួយក្រុមយុវជនកម្ពុជា ដែលត្រៀមចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្ដល់អនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

នាឱកាសនោះលោក ទ្រី ឈីវ អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍ បានបង្ហាពីកំណើនទេសចរអន្តរជាតិសម្រាប់ឆ្នាំ២០១៨ ដែលមានចំនួន ៦.២លាននាក់ កើនឡើង ១១.៧% និងរយៈពេល៩ខែ ឆ្នាំ២០១៩ មានចំនួនប្រមាណជាង ៦.៥លាននាក់ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងប្រមាណ ៦.៨លាននាក់ នៅក្នុងឆ្នាំ២០១៩នេះ។

លោក ទ្រី ឈីវ បានបង្ហាញពីមុំយុទ្ធសាស្រ្តសំខាន់ៗទាំង៤ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រួមមាន៖ ទី១.ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើតឱ្យមានស្ដង់ដារលើគ្រប់សេវាកម្មទេសចរណ៍ «សេវាមួយ ស្ដង់ដារមួយ», ទី២.ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ «បុគ្គលិកម្នាក់ ជំនាញមួយ», ទី៣.ការផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតថ្មី និងនវានុវត្ត, និងទី៤.ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យទេសចរណ៍ (E-Torism)។

ឯកឧត្តម ទិត ចន្ថា បានណែនាំជាពិសេសដល់ក្រុមយុវជន ត្រូវជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍ជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ទៅដល់បណ្ដាយុវជននៃប្រទេសដទៃទៀត ដូចជាគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ សៀមរាប-អង្គរ ឆ្នេរសមុទ្រ តំបន់ភូមិភាគឦសាន និងសហគមន៍អេកូទេសចរណ៍ជាដើម។

សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ (The Ship for Southeast Asian Youths Program- SSEAYP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងសមាជិកអាស៊ាន ៥ប្រទេស៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ លើកនេះជាលើកទី៤៦ហើយ ដោយធ្វើដំណើរលើនាវា Nippon Maru ចូលចតទៅកាន់ប្រទេស៥៖ ជប៉ុន វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី រយៈពេល៥១ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

គោលបំណងនៃកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាព និងការយល់ដឹងរវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំងដប់ប្រទេស។ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន ស្ដីពីចំណេះដឹងសកល។ បង្កើនស្មារតី និងជំនាញច្បាស់លាស់របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបណ្តុះភាពជាអ្នកដឹកនាំសម្រាប់ប្រតិភូយុវជនក្នុងវិស័យផ្សេងៗរបស់ពួកគេ ដែលចូលរួមដលើការអភិវឌ្ឍន៍យុវជន និងសង្គមជាតិ៕
អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds