គ្រោះធម្មជាតិ បានធ្វើឱ្យមនុស្សជាង២៦០នាក់ ស្លាប់ និងរបួស ក្នុងរយៈពេលប្រំាបីខែឆ្នាំនេះ
ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២៦១នាក់បានស្លាប់ និងរងរបួស ដោយសារគ្រោះធម្មជាតិ ក្នុងរយៈពេលប្រាំបីខែ ឆ្នាំ២០១៩នេះ ខណៈផ្ទះពលរដ្ឋជាងបីម៉ឺនបីពាន់ខ្នង បានខូចខាតមធ្យម និង ទាំងស្រុង ហើយបានបណ្តាលឲ្យខូចខាតស្រូវទាំងស្រុងជាងបីម៉ឺនហិកតា។ នេះបើតាមការឱ្យដឹងពីមន្ត្រី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩នេះ បាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានសម្លាប់មនុស្ស៦នាក់ និង បង្ករបួស១០២នាក់ ខណៈបាតុភូតរន្ទះបាញ់ បានសម្លាប់មនុស្ស៧៦នាក់ និងបង្ករបួស៧៣នាក់ និងទឹក ជំនន់ បានសម្លាប់មនុស្សចំនួនបួននាក់។
លោកថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៩នេះ ក្រៅពីបង្កការស្លាប់ និង របួសដល់ពលរដ្ឋ បាតុភូតភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋចំនួនជាងមួយ ម៉ឺនបួនពាន់ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួនជាង១ពាន់ ៥រយខ្នង និងមធ្យមចំនួនជិត១ម៉ឺនបីពាន់ខ្នង និងខូចខាតដំបូលអគារសាលារៀន និងអគាររដ្ឋបាលសាធារណៈ ១៣៥ខ្នង។
ក្នុងនោះខេត្តចំនួន៩ ត្រូវបានជំនន់ជន់លិច ក្នុងនោះមានខេត្តជាប់មាត់សមុទ្រ ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ និងបាត់ដំបង បានបង្កការជន់លិច ផ្ទះប្រជាពលរដ្ឋ ចំនួន៦ពាន់៨៩៨ខ្នង និងសាលារៀន ចំនួន២២កន្លែង ធ្វើឲ្យប្រជាពលរដ្ឋចំនួន៩៦២ គ្រួសារ ក្នុងចំណោម៧ពាន់៩៩៩គ្រួសារ ត្រូវបានជម្លៀសចេញទៅកាន់ទីទួលមានសុវត្ថិភាព។ ជំនន់ទឹក ភ្លៀងនេះ ក៏បានបង្កផលប៉ះពាល់ និងខូចខាតដំណាំស្រូវ ព្រមទាំងដំណាំរួមផ្សំសរុប៧ពាន់៤៨៣ ហិកតា ផងដែរ ខណៈហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផ្លូវលំមួយចំនួន បានរងការខូចខាតផងដែរនោះ។
សម្រាប់គ្រោះរាំងស្ងួតវិញ ត្រូវបានលោក កែវ វី បញ្ជាក់ថា វាបានបង្កឲ្យមានផលប៉ះ ពាល់ដំណាំស្រូវរបស់ប្រជាកសិករក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន សរុបជាង១៨ម៉ឺន៤ពាន់ហិកតា ក្នុងនោះបានខូចខាតទាំងស្រុងមិនអាចសង្រ្គោះបាន អស់ចំនួនជាងបីម៉ឺន ហិកតា៕
អត្ថបទ៖ សុខ លាភ