កាន់តែក្តៅគគុក! ប៉ាគីស្ថានគំរាមឥណ្ឌាត្រង់ៗ​ថា​«គ្រាប់បែកនុយក្លេអ៊ែរយើង អាចវាយប្រហារគោលដៅ​ឥណ្ឌាណាក៏បាន​»

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Sputnik នារសៀលថ្ងៃ​ទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានឲ្យដឹងថា បន្ទាប់ពីបានកំណត់កាលបរិច្ឆេទ«ទំនងជា»សម្រាប់សង្គ្រាមដែលផ្ទុះឡើង រដ្ឋមន្រ្តី​របស់ប្រ​​ទេសប៉ាគីស្ថាន ​បានព្រមានប្រទេសឥណ្ឌា អំពីការវាយប្រហារនុយក្លេអ៊ែរ ក្នុងតំបន់ជាមួយនឹងគ្រាប់បែកបរមាណូតូចៗ។ ខណៈដែលភាពតានតឹងរវាងប្រទេសទាំង២ ដែលមានអាវុធនុយក្លេអ៊ែរឥណ្ឌានិងប៉ាគីស្ថាន កាន់តែខ្លាំងឡើង និងការចល័តទ័ពថ្មីៗព្រមទាំងសព្វាវុធ នៅតាមតំបន់ព្រំដែនជម្លោះកាស្មៀរ​។ ​

គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីផ្លូវដែកប៉ាគីស្ថាន ហ្សេក រ៉ាហ្ស៊ីដ អាម៉េដ (Sheikh Rashid Ahmed) ​បានបញ្ជាក់ពីពេលវេលាសម្រាប់​«ការតស៊ូដើម្បីសេរីភាពចុងក្រោយបានមកដល់…​ហើយសង្គ្រាមជាមួយឥណ្ឌា នឹងក្លាយជាគ្រាចុងក្រោយនៅពេលនេះ…»។ ក្នុងនោះលោក រ៉ាហ្ស៊ីដ អាម៉េត បានអះអាងថា ប្រទេសប៉ាគីស្ថាន មានគ្រាប់​បែកនុយក្លេអ៊ែរប៉ាគីស្ថានដែលមានទម្ងន់តែ ១២៥-២៥០ក្រាមប៉ុណ្ណោះ អាចធ្វើការវាយប្រហារ និងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់បាន។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីប៉ាគីស្ថានខាងលើនេះ បានព្រមានទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិដ្រា ម៉ូឌី ចៀសវាងសង្រ្គាមមួយក្រែងវាជា«ចុងក្រោយ»រវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរទាំងពីរ។​

លើសពីនេះ ប្រទេសប៉ាគីស្ថាន ក៏បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចចរចាគ្នាផងដែរ ដើម្បីឲ្យបញ្ហាតំបន់កាស្មៀររវាងប្រទេសទាំងពីរ អាចដោះស្រាយបានដោយអនុលោម​ទៅតាមដំណោះស្រាយរបស់ អង្គការសហប្រជាជាតិ (UN)។

គួរជម្រាបថា ក្រៅពីការព្រមានប្រើនុយក្លេអ៊ែរ ប៉ាគីស្ថានក៏មិនភ្លេចប្រាប់ឥណ្ឌានោះដែរថា ប្រសិនបើប្រទេសទាំងពីរផ្ទុះសង្គ្រាមនោះ ទាំងឥណ្ឌា និងប៉ាគីស្ថាននឹងបែកទៅជា​២២បំណែក។ ព្រោះជម្លោះនៃការបាញ់បោះតាមព្រំដែនបានផ្ទុះឡើងពីកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ ហើយក៏ឈានដល់កម្រិតការទូតថែមទៀត។

យ៉ាងណាមិញ អ្នកវិភាគខ្លះបានលើកឡើងថា បើនៅតែមិនអាចបន្ថយកម្តៅបច្ចុប្បន្នទេនោះ សង្គ្រាមរវាងប្រទេសធំៗទាំងពីរ នឹងផ្ទុះឡើងនៅកំឡុងខែវិច្ឆិកា ព្រោះការដាក់ពង្រាយទ័ព និងសព្វាវុធតាមព្រំដែនរៀងៗខ្លួន បានចាប់ផ្តើមជាបណ្តើរៗទៅហើយ៕ ប្រភព៖ Sputnik

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds