គ្រូបង្វឹក​កម្ពុជា បញ្ជាក់​មូលហេតុ​មិន​កោះ​ហៅ​កីឡាករ​មួយ​ចំនួន ត្រៀម​ប្រកួត​ជម្រុះ World Cup 2022

(ភ្នំពេញ)៖​ លោក Felix G.Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រេីសជាតិកម្ពុជា បានបញ្ជាក់មូលហេតុ ជុំវិញការមិនកោះហៅកីឡាករមួយចំនួនហើយ ដោយលោកបានផ្ដោតលើហេតុផលសំខាន់ៗ ២ ទី១-កីឡាករបញ្ហារបួស និងទី២-លោកផ្ដោតលើព្រឹត្តិការណ៍បន្ទាប់ គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩ ខណៈភារកិច្ចចំពោះមុខ កម្ពុជាត្រូវប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា(FIFA World Cup Qatar 2022) នាពេលឆាប់ៗខាងមុខ ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្សាយផ្ទាល់លើបណ្ដាញសង្គមរបស់ខ្លួន នារសៀលនេះ គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានបញ្ជាក់ថា ការជ្រើសរើសកីឡាករលើកនេះ គឺមានប្រព័ន្ធតាមដានយ៉ាងល្អិត តាមរយៈការធ្វើការជាមួយក្លឹបនីមួយៗ ដើម្បីពិនិត្យលើការហ្វឹកហាត់ ការស្នាក់នៅ ការហូបចុក និងការខំប្រឹង ដើម្បីចង់ជាប់ជម្រើសជាតិជាដើម ។

លោកសង្កត់ធ្ងន់ថា «ការកោះហៅលើកនេះនេះ យើងបានគិតដល់ព្រឹត្តិការណ៍បន្ទាប់ គឺយុវជន U-23 ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះ និយាយរួមគឺយើងផ្ដោតព្រឹត្តិការណ៍ ២ គឺត្រៀមពេលនេះ និងស៊ីហ្គេម ។ ហេតុផលសំខាន់ តាមបញ្ជីឈ្មោះ អ្នកអត់ត្រូវបានកោះហៅពេលនេះ គឺដោយសារបញ្ហារបួស ។ យើងបាននិយាយជាមួយពួកគាត់ តែសំខាន់ពួកគាត់មានរបួស ហើយមុនកោះហៅយើងក៏បានធ្វើការទាក់ទងទៅពួកគាត់ផ្ទាល់ ក៏ដូចជាគ្រូជាដើម តែពួកគាត់មានរបួសអត់អាចចូលរួមបាន» ។

គួរបញ្ជាក់ថា ក្រោយសហព័ន្ធប្រកាសបញ្ជីឈ្មោះបឋមកីឡាករ ៣៥នាក់ នៃក្រុមជម្រើសជាតិកម្ពុជា កាលពីពេលថ្មីៗ អ្នកគាំទ្រមួយចំនួន បានផ្ទុះការសម្រេចរបស់គ្រូបង្វឹកក្រុមជម្រើសជាតិ ក្រោយបាត់កីឡាករសំខាន់ៗមួយចំនួន ពិសេសកីឡាករ ចាន់ វឌ្ឍនាកា ដែលពួកគេបានព្យាយាមជជីកសួរជាហូរហែរលើបណ្ដាញសង្គម ។ ដោយហេតុនេះហើយ ទើបលោក Felix បានបកស្រាយ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់អ្នកគាំទ្រនាពេលកន្លងមក ។

បច្ចុប្បន្នក្រុមគោព្រៃកម្ពុជា កំពុងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ដោយមានកីឡាករ ៣៥នាក់ ប៉ុន្ដែកីឡាករទាំងអស់នោះ ភាគច្រើនជាងកីឡាករវ័យក្មេង ដែលបានកោះហៅមកពីក្លឹបចំនួន ៩ ដើម្បីចម្រាញ់យកកីឡាករឆ្នើម ២៣នាក់ចុងក្រោយ សម្រាប់ត្រៀមប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ដោយត្រូវជួបក្រុមជម្រើសហុងកុង នាថ្ងៃទី០៥ ខែកញ្ញា និងជួបក្រុមជម្រើសជាតិបារ៉ែន នាថ្ងៃទី១០ ខែកញ្ញា នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds