ក្រសួងការងារ យុទ្ធនាការបន្តផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងសិប្បកម្មផលិតឥដ្ឋ
ភ្នំពេញ ៖ យុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តផ្សព្វផ្សាយនៅតាមសិប្បកម្មផលិតឥដ្ឋជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងតាមដានការអនុវត្តលក្ខខណ្ឌការងារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។
យុទ្ធនាការនេះ បានចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក វ៉េង ហៀង ប្រធាននាយកដ្ឋានការងារកុមារ នៃក្រសួងការងារ និងលោក ធុល នាង ប្រធានមន្ទីរការងារខេត្តកណ្តាល អមដោយមន្ត្រីអធិការការងារថ្នាក់ជាតិ និងខេត្តកណ្តាល។
លោក វ៉េង ហៀង បានឲ្យដឹងតាមរយៈគេហទំព័ររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថា វិធានការលើកនេះ គឺជាវិធានការក្ដៅគគុកចំពោះម្ចាស់សិប្បកម្មណា ដែលនៅតែគឃ្លើនប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មខ្លួន ដោយមិនលើកលែង និងគ្មានការយោគយល់ឡើយ។
លោកបានបន្តថា ស្ថានភាពទូទៅនៃលក្ខខណ្ឌការងារនៅសិប្បកម្មផលិតឥដ្ឋនៅស្រុកមុខកំពូល ដែលមានចំនួន២០សិប្បកម្មនោះ ឃើញថាមានវឌ្ឍនភាពគួរកត់សម្គាល់។ លោកបានបន្តទៀតថា «លក្ខខណ្ឌការងារនៅក្នុងសិប្បកម្មឥដ្ឋទាំងនោះមានភាពល្អប្រសើរ ដោយសារការប្រើប្រាស់ម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ និងស្វ័យប្រវត្តិដែលកាត់បន្ថយគ្រោះថ្នាក់ការងារ ទំហំផលិតកម្មមានការកើនឡើង ២-៣ដង បើធៀបនឹងឆ្នាំ២០១៦ គ្មានការបំពុលបរិស្ថានដោយផ្សែង ដោយសារដុតអុស និងអង្កាមនៅក្នុងឡកម្ដៅ ដែលកន្លងមកមានឡកម្ដៅឥដ្ឋខ្លះដុតក្រណាត់ដូចកាលពីឆ្នាំ២០១៦ និងការអនុវត្តច្បាប់ស្តីពីការងារមានលក្ខណៈកាន់តែល្អប្រសើរ កំណើនប្រាក់ឈ្នួល និងការបង់របបបេឡាជាតិសន្តិសុខសង្គមដោយនិយោជក»។
ជាមួយគ្នានេះដែរក្រុមការងារក៏បានជួបសម្ភាសន៍ជាមួយនិយោជក និយោជិត និងក្រុមគ្រួសាររស់នៅបរិវេណសិប្បកម្មផលិតឥដ្ឋ ដើម្បីតាមដានការយល់ដឹងស្តីពីការទប់ស្កាត់ពលកម្មកុមារ ការលើកកម្ពស់ឱកាសអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កុមារងាយរងគ្រោះ និងកម្មករនិយោជិតវ័យក្មេង ជាពិសេសការវាយតម្លៃស្ថានភាពបំណុលនៃក្រុមគ្រួសារ ដែលចូលរួមសកម្មភាពផលិតឥដ្ឋ។
ដើម្បីពង្រឹងប្រព័ន្ធតាមដានត្រួតពិនិត្យពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋនេះក្រសួងបានបង្កើតអ្នកឃ្លាំមើលនៅតាមសាលារៀននិងសិប្បកម្មឡឥដ្ឋអនុញ្ញាតឲ្យមេឃុំនិងភូមិតាមដានតាមខ្នងផ្ទះរបស់កុមារនិយោជកមិនត្រូវជ្រើសរើសក្មេងចូលធ្វើការនិងបង្កើនការចុះអធិការកិច្ចនៅតាមសិប្បកម្មឡឥដ្ឋជាដើម។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុំបណ្ដាលវិជ្ជាជីវៈ បានកំណត់ទិសដៅលុបបំបាត់ពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋឱ្យបានត្រឹមឆ្នាំ២០២០ ហើយយុទ្ធនាការខាងលើនេះ គឺជាការចូលរួមជំរុញទិសដៅនេះផងដែរ៕
អត្ថបទ៖ សុខ លាភ