អ្នកវិភាគស្ថានភាពសង្គមម្នាក់​ អង្វរសម្តេចតេជោ និងលោក សម រង្ស៊ី មេត្តារំសាយកំហឹងកុំភ្នាល់គ្នា ព្រោះមិនអាចដោះស្រាយជម្លោះបាន

ភ្នំពេញ៖ សារឆ្លើយឆ្លងរវាងអ្នកនយោបាយចាស់វស្សា លោក សម រង្ស៉ី សម្តេចតេជោ ហ៊ុន សែន រហូតដល់មានការភ្នាល់គ្នា ថា បើសិន សម រង្ស៉ី ហ៊ានចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះ បើសម្តេចតេជោចាប់លោក សម រង្ស៊ី មិនបាន សម្តេចយល់ព្រមចុះចេញពីតំណែងក្នុងរយៈពេល២៤ម៉ោង អ្នកវិភាគស្ថានភាពសង្គម និងនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ បានថ្លែងអង្វរករដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក សម រង្ស៊ី មេត្តារំសាយកំហឹងរៀងៗខ្លួន​។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ សីហាថា «ខ្ញុំសូមលុតជង្គង់ ឱនកាយ ដាក់ក្បាលដល់ដី ក្រោមព្រះបាទាព្រះបាទជ័យវរ្ម័នទី៧ សូមអង្វរករសម្តេចតេជា ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី មេត្តារំសាយកំហឹងបន្តិចសិន ហើយ គិតពិចារណាថា ការចូលរួមយកជម្លោះនយោបាយជាមួយគ្នា ទៅភ្នាល់ដាក់លុយកាក់ យកឈ្នះចាញ់ជាល្បែងស៊ីសង វាមិនជាការត្រឹមត្រូវទេ និងមិនអាចដោះស្រាយជម្លោះទាល់តែសោះ ទោះជាភាគីណាឈ្នះក៏ដោយ ។ វាមានតែធ្វើឲ្យជម្លោះនោះកាន់តែធំទៅ និងឲ្យគាគីកាន់តែទុកគ្នាជាសត្រូវផ្ទាល់ខ្លួនកាន់តែខ្លាំងទៅ ។ វាកាន់តែបន្ទាបសីលធម៌ខ្មែរ ឲ្យកាន់តែទាបទៅទៀត ព្រោះខ្មែរចាត់ទុកល្បែងជាជម្ងឺឆ្កួត ជាអបាយមុខ» ។

អ្នកវិភាគស្ថានភាពសង្គម និងនយោបាយរូបនេះបានរំលឹកថា ការយកសេរីភាពរបស់ឯកឧត្តម កឹម សុខា ទៅភ្នាល់គ្នារវាងភាគីដដែលកន្លងទៅនោះ មិនបានដោះស្រាយបញ្ហជាតិទាល់តែសោះ ។

មិនមែនជាលើកទីមួយទេ ដែលសម្តេច ហ៊ុន សែន និង លោក សម រង្ស៊ី លេងល្បែងភ្នាល់គ្នាបែបនេះ។ កន្លងមក បដិបក្សនយោបាយមួយគូ ធ្លាប់យកលោក កឹម សុខា ធ្វើជាតួអង្គនៃការភ្នាល់គ្នា ដោយកាលនោះ លោក សម រង្ស៊ី អះអាងដោយការជឿជាក់ថា លោក កឹម សុខា នឹងត្រូវបានដោះលែង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬក៏យូរបំផុត នៅត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩។ លោក ហ៊ានភ្នាល់ថា បើលោក កឹម សុខា មិនត្រូវបានដោះលែងតាមកាលកំណត់ដូចដែលលោកលើកឡើងទេ លោក សុខចិត្តចូលមកស្រុកខ្មែរ ឲ្យអាជ្ញាធរ ចាប់ខ្លួន។

ពេលនោះ សម្តេ ហ៊ុន សែន ក៏យល់ព្រមភ្នាល់ជាមួយលោក សម រង្ស៊ី ដោយសម្តេច ប្រកាសតបទៅវិញថា សម្តេច នឹងចុះចេញពីតំណែង បើលោក កឹម សុខា ពិតជាត្រូវបានដោះលែងមែន។ តែសម្តេច ហ៊ុន សែន ទាមទារឲ្យលោក សម រង្ស៊ី ចូលស្រុកដូចការសន្យា បើលោក កឹម សុខា មិនត្រូវបានដោះលែង។ យ៉ាងណា មកដល់ពេលនេះ លោក កឹម សុខា នៅតែជាប់ចោទនិងស្ថិតនៅក្នុងផ្ទះ ដោយមិនអាចទៅណាឆ្ងាយបានឡើយ។ ឯ លោក សម រង្ស៊ី នៅតែមិនទាន់ចូលស្រុក៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds