សម្តេចតេជោ ហ៊ុន សែន៖ ភ្នាល់ ឬមិនហ៊ានភ្នាល់ ប៉ុន្តែកម្លាំងសមត្ថកិច្ចត្រៀមចាប់ខ្លួនសម រង្ស៉ី ឲ្យតែហ៊ានចូលកម្ពុជា
(ភ្នំពេញ)៖ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានដាក់សំណើចុងក្រោយជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា ប្រសិនបើចំនួនប្រជាពលរដ្ឋខ្មែរ រង់ចាំទទួលស្វាគមន៍លោកពេលចូលកម្ពុជាវិញ មានតិចជាង១លាន លោកនឹងយល់ព្រមឲ្យសម្ថកិច្ចចាប់ខ្លួនភ្លាមៗ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ថ្មីមួយទៀតជាមួយអង្គភាពព័ត៌មានដែលស្និតរដ្ឋាភិបាលនៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លើយតបនឹងការលើកឡើងចុងក្រោយរបស់លោក សម រង្ស៉ី ថា វាជាទង្វើគួរឲ្យអស់សំណើច និងមានចេតនា ចង់គេចចេញពីការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជា តែទោះបី សម រង្ស៊ី ហ៊ានភ្នាល់ ឬមិនហ៊ានភ្នាល់ មិនសំខាន់ទេ, សមត្ថកិច្ចត្រៀមចាប់អ្នកឯងបញ្ចូលគុក បើហ៊ានចូលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថា៖ «ខ្ញុំបានឃើញហើយការលើកឡើងភ្នាល់របស់អ្នកឯង ជាវាទង្វើគួរឲ្យអស់សំណើច និងបង្ហាញចេតនាច្បាស់ក្រឡែតចង់គេចចេញ ពីការអនុវត្តច្បាប់របស់កម្លាំងសមត្ថកិច្ចកម្ពុជា និងជាលេសមួយមិនត្រឡប់មកកម្ពុជា, ដូច្នេះខ្ញុំសូមបញ្ជាក់ច្បាស់ៗឡើងវិញថា កម្លាំងសមត្ថកិច្ចនឹងចាប់ អ្នកឯងញាត់គុកតាមដីកាតុលាការ ក្នុងរយៈពេល២៤ម៉ោង បើក្លាហានហ៊ានចូលប្រទេសកម្ពុជា បើចាប់មិនបានទេខ្ញុំសុខចិត្តចុះចេញពីតំណែង។ អ្នកឯងគ្រាន់តែឆ្លើយហ៊ាន ឬមិនហ៊ាន ?»។