អាវុធហត្ថក្រុងប៉ោយប៉ែតចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធកែឆ្នៃដោយខុសច្បាប់
ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពីបទ ប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធកែឆ្នៃដោយខុសច្បាប់ ។
បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង៣០នាទី បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង លុះកម្លាំងល្បាតដល់ចំណុចផ្លូវរថភ្លើង ស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃើញយុវជន ០១នាក់ ហាក់មានស្ថានភាពគួរឲ្យសង្ស័យ កម្លាំងល្បាតបានឃាត់សួរនាំ និងធ្វើការឆែកឆេរ ឃើញមាន ៖ -កូនកាំបិតចុងស្រួចប្រវែង ០.២៣ស.ម ចំនួន ០១ដើម -ដែកឆាបចុងស្រួចប្រវែង ០.១៩ស.ម ចំនួន ០១ដើម -កាំបិតខ្វែវប្រវែង ០.៧៧ស.ម ចំនួន ០១ដើម -ស្នាប់ដៃកែឆ្នៃ ចំនួន ០១ -ដែកកែឆ្នៃសម្រាប់ការពារទ្រូង និងខ្នង ចំនួន ០១ ។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ សែន ជ័យ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចជំនាញក្រុងប៉ោយប៉េត ធ្វើការសាកសួររួច បានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តមសនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធខេត្ត និងដោយមានការសម្របសម្រួលដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យាការអមសាលាដំបូងខេត្ត លោកបានចាត់ឲ្យកម្លាំងជំនាញ សាកសួរចម្លើយលើជនសង្ស័យ ។ ក្រោយពីការសាកសួរចម្លើយរួចមកជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនគេតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងជាក្រុមសកម្មក្នុងការវាយតប់ និងកាប់ចាក់គ្នាក្នុងក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា ៖ ក្រោយពីបញ្ចប់ការស៊ើបអង្កេត និងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងការធ្វើតេស្តរកសារធាតុញៀន គឺមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ និងកាន់កាប់អាវុធកែឆ្នៃខុសច្បាប់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕