Guardiola ផ្ញើសារព្រមាន Liverpool និង បង្ហាញពីមហិច្ឆតាលើកពាន៤ក្នុង១រដូវកាល
ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ មោ៉ង 06:45PM
Pep Guardiola បាននិយាយថាកីឡាករ Manchester City មានស្មារតី និង កាយសម្បទាគ្រប់គ្រាន់សម្រាប់ការដណ្តើមពានរង្វាន់ Premier League ជាមួយគូប្រជែង Liverpool។
Man City អាចឡើងឈរកំពូលតារាងវិញនៅថ្ងៃនេះបើឈ្នះនៅទឹកដីក្រុមបាតតារាង Fulham និង អង្គុយរង់ចាំមើលក្រុមរបស់លោក Jurgen Klopp ធ្វើម្ចាស់ផ្ទះប្រកួតទី៣២របស់ខ្លួន ដើម្បីទទួលក្រុម Tottenham នៅថ្ងៃអាទិត្យ។
ក្រុមការពារជើងឯកមិនមានសកម្មភាពអ្វីទេនៅក្នុងក្របខ័ណ្ឌ Premier League រយៈពេល៣សប្ដាហ៍ចុងក្រោយនេះ ប៉ុន្តែលោក Guardiola បានទទូចថាពួកគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការព្យាយាមចុងក្រោយដើម្បីរក្សាតំណែងជើងឯករបស់ខ្លួន។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបានបញ្ជាក់ថាកីឡាករសំខាន់ៗរបស់ក្រុមមេឃខៀវ ពិសេសខ្សែបម្រើកណ្តាល Kevin De Bruyne និង Fernandinho បានជាពីជំងឺវិញហើយដែរ។
រាប់ពីពេលនេះរហូតដល់ចុងរដូវកាល Man City ត្រូវលេងពីរបីថ្ងៃ១ប្រកួត។ Guardiolaបាននិយាយថា “ខ្ញុំមិនដឹងថាមានក្រុមប៉ុន្មាននៅក្នុងប្រវត្តិសាស្ត្រ Premier League ដែលស្ថិតនៅក្នុងតំណែងនេះ គឺនៅតែប្រយុទ្ធប្រឆាំងសម្រាប់ពាន៤”។
Man City ទើបលើកពាន Carabao Cup ហើយកំពុងមានភារកិច្ចសម្រាប់ពាន៣ទៀត ពោលគឺ Premier League, FA Cup និង ពានកំពូល Champions League ហើយក៏ចង់ក្លាយជាក្រុមទី១ក្នុងការលើកពាន Premier League ជាប់ៗគ្នា ចាប់តាំងពី Man Utd ធ្វើបានចុងក្រោយបំផុតកាលពី១០ឆ្នាំមុន៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន