សម្តេចក្រឡាហោម អាជ្ញាធរនឹងចាត់វិធានការចំពោះការប្រមូលផ្តុំកម្លាំង ដែលរង់ចាំទទួលលោក សម រង្ស៊ី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា អាជ្ញាធរនឹងចាត់វិធានការចំពោះការប្រមូលផ្តុំកម្លាំងសកម្មជនរបស់អតីតបក្សប្រឆំាំង ដើម្បីរង់ចាំទទួលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ព្រោះជាអំពើខុសច្បាប់ ។ ការថ្លែងបែបនេះបន្ទាប់ពីលោក សម រង្ស៊ី ប្រកាសកឿងគរពលរដ្ឋអោយមកទទួលលោកពេលលោកត្រលប់មកស្រុខ្មែរវិញ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ កាលណាសកម្មភាពនយោ បាយធ្វើឡើងក្រោមស្លាក់គណបក្សនយោបាយដែលស្របច្បាប់ គឺជាការត្រឹមត្រូវ និងលើកទឹកចិត្ត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា «ការប្រជុំទាំងឡាយណាដែលគណបក្សនយោ បាយ ដែលត្រូវបានរំលាយដោយតុលាការកំពូលរំលាយគឺជាការប្រជុំមិនត្រឹមត្រូវតាមច្បាប់ មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យឡើយ ។ បន្ថែមលើនេះការប្រជុំគ្នាដើម្បីគាំទ្រ ចលនាខុសច្បាប់គឺជាការខុសច្បាប់»។
សម្តេចបន្តថា «ការប្រមូលផ្តុំមហាជន ប្រជាជន ដើម្បី ទៅប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ក៏ខុសច្បាប់ដែរ។ រាជរដ្ឋាភិបាលបានកំណត់ហើយ គឺត្រូវធានាសុខសន្តិភាព ស្ថិរភាព ហើយធានាលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាវារស់បន្តទៅទៀត»។
ជាមួយគ្នានោះដែរសម្តេច ស ខេង ក៏បានអំពាវនាវប្រជាជនសូមកុំធ្វើសកម្មភាពក្នុងបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងកម្លាំងអាជ្ញាធរ នោះគឺមិនត្រឹមត្រូវទេ ព្រោះវាមិនមែនជាសិទ្ធិស្របតាមច្បាប់ជាធរមានទេ។ សម្តេចបានគូសបញ្ជាក់ថា «គាត់មានបំណង តែបើយើងមិនដោះស្រាយទុកឱ្យប្រទេសក្រឡាប់ចាក់ សួរថា តើយើងនិងប្រជាជននឹងមានបញ្ហា គឺអន្តរាយធំ។ អីចឹងហើយអ្នកដែល លើកឡើងថា រាជរដ្ឋាភិបាលធ្វើឱ្យមានបញ្ហានេះ បញ្ហានោះ តែបើយើងទុកឱ្យធ្វើ នោះវានឹងក្រឡាប់ចាក់។ យើងកំណត់សន្តិភាពស្ថិរភា អ្នកដែលធ្វើខុសច្បាប់ គឺយើងនឹងអនុវត្តន៍ហើយ»៕
អត្ថបទ៖ សុខ លាភ