ស្រ្តីម្នាក់ទើបត្រឡប់មកពីចិនវិញ មានសតិមិនប្រក្រតី សង្ស័យមេខ្យល់នាំយកទៅលក់ និងត្រូវគេធ្វើបាបខ្លាំង
(ភ្នំពេញ)៖ ស្រ្តីម្នាក់ត្រូវបានគេឃើញចុះពីយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលហោះមកពីប្រទេសចិន ហើយនាងបានដើរក្នុងស្ថានភាពមិនស្រួល ខណៈនោះបុគ្គលិក បម្រើការនៅព្រលាន បានសាកសួរទើបដឹងថា នាងមានសតិមិនប្រក្រតី ដោយសង្ស័យថា នាងត្រូវបានគេធ្វើបាបរហូតក្លាយទៅជាមនុស្សបែបនេះ ព្រោះតែចាញ់បោកមេខ្យល់នាំទៅលក់ និងធ្វើការនៅប្រទេសចិន។
ស្រ្តីរូបនេះ បានពីយន្តហោះកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ រហូតដល់ពេលព្រឹក ទើបរាយការណ៍ឲ្យនគរបាលប៉ុស្តិ៍កាកាប១ ចុះទៅយកនាង ដើម្បីសួរនាំ និងស្វែងរកសាច់ញាតិ។
សមត្ថកិច្ចបានឲ្យដឹងថា នៅជាប់ខ្លួនស្រ្តីរូបនេះ មិនមានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណទេ គឺមានតែលិខិត១សន្លឹក ដែលខាងប្រទេសចិនបញ្ជូននាងមក ហើយតាមរយៈលិខិតនោះ មានសរសេរជាអក្សរចិនខ្លះ និងអង់គ្លេសខ្លះ។ នៅក្នុងលិខិតនេះនាងមានឈ្មោះ តុន សោភ័ណ អាយុ៣២ឆ្នាំ ប៉ុន្តែមិនដឹងថា មានទីលំនៅក្នុងភូមិ ឃុំ ស្រុកខេត្តណាឡើយ។
ម្យ៉ាងទៀត នៅពេលសាកសួរ នាងមិនបានចាំពីទីលំនៅដែលនាងរស់នៅឡើយ តែបាននិយាយថា នាងចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសចិន រយៈពេល ៥ខែមកហើយ និងត្រូវបានគេធ្វើបាបខ្លាំងណាស់។ ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកក្រុមគ្រួសារទៅទទួលយកនាងត្រឡប់ទៅផ្ទះវិញ ហើយប៉ុន្តែពុំទាន់ដឹងថា រកឃើញ ឬមិនឃើញនៅឡើយ៕