លោក ពេជ្រ ស្រស់​ បានចូលរួមផ្តល់ជាយោបល់ដល់សម្តេចតេជោ ចំនួន​៣ ចំណុច

កិច្ចប្រជុំរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់​ បានចូលរួមផ្តល់ជាយោបល់ដល់សម្តេចតេជោ ចំនួន​៣ ចំណុច។

លោក ពេជ្រ ស្រស់ សរសេរនៅក្នុងទំព័រហ្វេសបុករសៀលថ្ងៃទី២៨ ខែសីហា នេះថា នៅក្នុងកិច្ចជំនួបរបស់ខ្ញុំជាមួយនឹង
សម្តេចតេជោ ហ៊ុន​ សែន​ គឺខ្ញុំបានចូលរួមផ្តល់ជាយោបល់ដល់សម្តេចមាន​ 3 ចំណុចដូចខាងក្រោមនេះ៖
១ ការពង្រឹង​ សមត្ថភាព​ មេដឹកនាំថ្នាក់ឃុំ​ ស្រុក​ ខេត្ត​ ឲ្យមានភាពឆ្លាតវៃក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ​ ដែលមានជម្លោះនៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន។
២ ការរឹតបន្តឹងអំពីការដាក់វិន័យលើមន្រ្តីទាំង២ថ្នាក់(ជាតិ-ក្រោមជាតិ)រូបណាដែលមិនគោរពនិងអនុវត្ត បទដ្ឋានគតិយុទ្ធនា​ នា​ ដែលរាជរដ្ឋាភិបាល​បានសំរេចដាក់ចេញ។
៣ អំពីការទប់ស្កាត់ការប្រព្រឹត្តអំពើ​ពុករលួយក្នុងស្ថាប័នតុលាការ​តាម រយៈមេធាវីជាអ្នកយកលុយពីកូនក្តីទៅសូកប៉ាន់មន្រ្តីតុលាការគ្រប់ថ្នាក់។

ជាមួយគ្នានេះ ខ្ញុំក៏បានស្នើ៣ ករណីឲ្យសម្តេចជួយអន្តរាគមន៍ផងដែរគឺមានដូចតទៅ៖១. ករណីជម្លោះដីធ្លី​ ២៨គ្រួសារនៅ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ, ២. ករណីជម្លោះដីធ្លី ៩ គ្រួសារ​ នៅសង្កាត់ស្លរក្រាម​ ខេត្តសៀមរាប, ៣. ករណីជម្លោះដីធ្លី ៩ គ្រួសារ​ នៅសង្កាត់​នគរធំ ខេត្ត​សៀមរាប។ សម្តេចតេជោបានទទួលយកនូវអ្វីដែលខ្ញុំ​ផ្តល់​ និង​ ស្នើខាងលើយកទៅ​អនុវត្តន៍។

 

គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតឡើងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះ ជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ពិនិត្យការងាររយៈពេលមួយឆ្នាំ ដើម្បីរកចំណុចកែលំអរ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា កិច្ចប្រជុំនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួន សម្រាប់ការអនុវត្តន៍ការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំ ក៏នឹងផ្តល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួម ជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោត ជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តី ព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds