សម្តេច ហេង សំរិន ប្រាប់AIPA ការងារទូតសភា ជំរុញអោយមានការអភិវឌ្ឍ ក្នុងសហគមន៍អាស៊ាន

ថ្លែងក្នុងអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គ របស់មហាសន្និបាតអន្តរសភាអាស៊ាន AIPA កាលពីព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩ នៅប្រទេសថៃ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ថា ការងារការទូតសភា និងភាពជាដៃគូជាកត្តា សំខាន់មួយក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីជំរុញការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក ប្រកបដោយចីរភាព។ គ្មានប្រទេសណាមួយស្ថិតនៅឯកោ ដោយគ្មានទំនាក់ទំនង ជាមួយប្រទេសដទៃទៀតឡើយ ។ ប្រធានរដ្ឋសភា បានស្នើ AIPA ត្រូវមានគោលជំហររួមមួយ ដែលមានភាពបន្ស៊ីគ្នា រវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍តំបន់ ។

សម្តេច បន្ថែមថា លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ជាកត្តាសំខាន់ចាំបាច់ដែលAIPA គួរតែយកចិត្តទុកដាក់តាមដាន និងរក្សាឲ្យបាននូវជំហររួមរបស់ខ្លួនគាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ការគោរព ការយោគយល់ និងការគិតគូផលប្រយោជន៍គ្នាទៅវិញទៅមក ដោយមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង អធិបតេយ្យភាព និងបូរណភាពដែនដី គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពប្រកបដោយចីរភាព ។

ប្រធានរដ្ឋសភាបានស្នើ AIPA គិតគូរនិងយកចិត្តទុកដាក់បញ្ហាការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា ពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។

អន្តរសភាអាស៊ានដែលហៅកាត់ថា AIPA ជាអង្គការអន្តរសភា ជាតំណាងស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានសមាជិក១០ប្រទេស គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

សូមជម្រាបថា សភាប្រទេសថៃ បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤០ ពីថ្ងៃទី២៥-៣០ សីហា ក្រោមមូលបទ «ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសហគមន៍ប្រកបដោយចីរភាព»៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង