សមត្ថកិច្ចចាប់ឲ្យក្រុមហ៊ុនចិន ដែលធ្វើឲ្យបាក់ស្ពាននៅខេត្តពោធិ៍សាត់ ធ្វើផ្លូវវាង និងធ្វើស្ពាននោះឡើងវិញ ទើបប្រគល់ឡានឲ្យវិញ
ខេត្តពោធិ៍សាត់៖ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ កន្លងទៅមានករណីរថយន្តដឹកថ្មមួយគ្រឿងរបស់ក្រុមហ៊ុនចិន សង្ស័យដឹកលើសចំណុះ បណា្តលអោយបាក់ស្ពានមួយកន្លែងនៅឃុំអូរសោម ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់ដល់អាយុជីវិត។ នៅថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ លោក ហេង សុភាណា អភិបាលនៃគណ:អភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមដោះស្រាយបញ្ហាជាមួយតំណាងក្រុមហ៊ុនធ្វើផ្លូវលេខជាតិ១០ ដែលបើកឡានដឹកថ្ម ធ្វើឱ្យបាក់ស្ពានឆាយលូក ០១ កន្លែង ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ។ ជាលទ្ធផលបានព្រមព្រៀងគ្នាដូចខាងក្រោម៖
– តំរូវឱ្យក្រុមហ៊ុនធ្វើផ្លូវវាង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរ និងជួសជុលស្ពានដែលបានខូចខាត ។ – ក្រុមហ៊ុនត្រូវស្ទូចឡានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរសោមសិនចាំជួសជុលស្ពាន និងផ្លូវវាងរួចរាល់ទើបប្រគល់ឡានវិញ ។ – អាជ្ញាធរឃុំ និងអាជ្ញាធរប៉ុស្ដិ៍រដ្ឋបាលឃុំត្រូវត្រួតពិនិត្យការងារធ្វើស្ពាន និងផ្លូវវាងរបស់ក្រុមហ៊ុន ៕