ក្មេងប្រុសវ័យ៨ឆ្នាំម្នាក់ យករូបថតម្ដាយឡើងលើកំពូលភ្នំកម្ពស់ជិត៤ពាន់ម៉ែត្រ ដើម្បីសម្រេចបំណងរបស់ម្ដាយមុនពេលស្លាប់
តៃវ៉ាន់៖ ក្មេងប្រុសម្នាក់ ឡើងទៅលើកំពូលភ្នំដ៏ខ្ពស់មួយនៅលើកោះតៃវ៉ាន់ ដោយនាំយករូបថតម្ដាយទៅជាមួយ ដើម្បីសម្រេចគោលបំណងរបស់ម្ដាយខ្លួនកាលពីគាត់នៅរស់។
ក្មេងប្រុស ស៊ីហ្គាំង អាយុ៨ឆ្នាំ បានឡើងលើកំពូលភ្នំ Jade Mountain ដែលមានកម្ពស់ ៣,៩៥២ម៉ែត្រ ជាភ្នំមួយខ្ពស់ជាងគេនៅលើកោះ។
យោងតាមលោក តូហ្សូ ដែលត្រូវជាឪពុករបស់ក្មេងប្រុសនោះបានឲ្យដឹងថា នៅពេលដែលកូនប្រុសរបស់គាត់មានអាយុ៤ឆ្នាំ គាត់រួមទាំងប្រពន្ធនិងកូនបានសន្យាជាមួយគ្នាថា នឹងឡើងទៅលើភ្នំ Jade Mountain ទាំងអស់គ្នា។ រយៈពេល១ឆ្នាំក្រោយមក ប្រពន្ធរបស់គាត់បានទទួលបរាជ័យក្នុងការវះកាត់ជើង បណ្ដាលឲ្យស្លាប់ និងមិនអាចសម្រេចសន្យានោះបាន។ ប្រពន្ធរបស់គាត់ ធ្លាប់បាននិយាយទៅកាន់កូនប្រុសថា៖
«បើម៉ាក់មិនអាចឡើងលើភ្នំបានទេ កូនត្រូវតែយកវត្ថុអ្វីក៏បានដែលជារបស់ម៉ាក់ ដើម្បីឡើងទៅលើភ្នំបានឃើញពិភពលោកទាំងអស់គ្នា។»