លោក ពេជ្រ ស្រស់ ៖ ត្រៀមយកបញ្ហារបស់ពលរដ្ឋ ដាកជូននាយករដ្ឋមន្ត្រីនៅថ្ងៃទី២៨ ខែសីហា
ភ្នំពេញ៖ ក្នុងរយៈពេលមួយឆ្នាំ នៃការបង្កើតក្រុមប្រឹក្សានេះ គឺទទួលបានលទ្ធផលល្អ ដោយបានចូលរួមដោះស្រាយ បញ្ហានានាឲ្យប្រជាពលរដ្ឋ ជាពិសេសទំនាស់ដីធ្លី ក្រោយមន្រ្តីថ្នាក់ជាតិមិនអើពើ។ ការអះអាងរបស់ពួកគាត់នេះ ស្របពេលនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំប្រចាំឆមាស។ នេះបើយោងតាមលោក ពេជ្រ ស្រស់ សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងប្រាប់អោយដឹងថា លោកបានត្រៀមខ្លួនដើម្បី ចូលរួមប្រចាំឆមាសរួចហើយ។ លោកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានចូលរួមជាមួយ រាជរដ្ឋាភិបាលដោយបានផ្តល់ ដំណោះស្រាយដល់ពលរដ្ឋមានបញ្ហា ក្រោយមន្រ្តីថ្នាក់ក្រោមជាតិ មិនបានអនុវត្តច្បាប់ឲ្យបានពេញលេញ និងអនុវត្តតាមបទបញ្ជា រាជរដ្ឋាភិបាលដែលបានដាក់ចេញ ពោលគឺហាក់គ្មានការ យកចិត្តទុកដាក់លើពួកគេ។
ប្រធានគណបក្សរូបនេះ ឲ្យដឹងទៀតថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ទោះមិនបានលទ្ធផលដោះស្រាយឲ្យពលរដ្ឋ ១០០ភាគ១០០ក៏ដោយ ប៉ុន្តែបានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលជាច្រើនផងដែរ។ “យើងបានដោះស្រាយជូន ប្រជាពលរដ្ឋជាបន្តបន្ទាប់ ក្រោយពីប្រតិភូគណបក្សនីមួយៗ ចុះទៅជួបអ្នកដែលមានជម្លោះបញ្ហា ។ ជាពិសេសបញ្ហាដីធ្លី យើងមើលឃើញថា មានការដោះស្រាយជា បន្តបន្ទាប់រហូតមកដែរ” ។ លោកថា នឹងបញ្ជូនរបាយការណ៍វិវាទ របស់ពលរដ្ឋដែលជាប់គាំងដោះស្រាយ មិនចេញទៅរាជរដ្ឋាភិបាលនៅថ្ងៃទី២៨ សីហា ខាងមុខនេះដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លេខាធិការរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានឲ្យដឹងថា នឹងបើកកិច្ចប្រជុំប្រចាំឆមាសនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ដោយមានរបៀបវារៈមួយចំនួន ក្នុងនោះជាពិសេសពិនិត្យ ទៅលើទស្សនៈវិស័យលើវិភាគទាន រួមចំណែករបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះយោបល់ក្នុង១ឆ្នាំ កន្លងមក។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតឡើង កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ។ ឧត្តមក្រុមប្រឹក្សានេះ មានសមាសភាពមកពី គណបក្សនយោបាយចំនួន ១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការ បោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែមិនទទួលបានអាសនៈក្នុងសភា ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបានគេដឹងថា មាននាទីផ្តួចផ្តើមគំនិត ឬផ្តល់មតិ ទាក់ទងទៅនឹងការរៀបចំ គោលនយោបាយដល់រាជរដ្ឋាភិបាល , ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់ និងធ្វើញត្តិជូនព្រឹទ្ធសភាតតាំងនឹងច្បាប់ ដែលបានអនុម័តដោយរដ្ឋសភា និងក្លាយជាទីប្រឹក្សារដ្ឋាភិបាលថែមទៀត៕
អត្ថបទ៖ សុខ លាភ