ករណីឆេះសាឡាងដឹកអ្នកដំណើរ២៧៧នាក់នៅឥណ្ឌូណេស៊ី ក្នុងនោះស្លាប់មនុស្ស៤នាក់ ននិង៣០នាក់បាត់ខ្លួនក្នុងសមុទ្រ
យោងតាមការចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា មន្ត្រីកំពង់ផែ បាននិយាយនៅល្ងាចថ្ងៃសុក្រនេះ(២៣ សីហា)ថា យ៉ាងហោចណាស់មនុស្ស៤ នាក់បានស្លាប់ និងជិត៣០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីសាឡាងមួយបានឆាបឆេះនៅលើកោះជ្វា របស់ឥណ្ឌូនេស៊ី។
មន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី លោក Syahrul Nugroho បានប្រាប់ទូរទស្សន៍ TV One ថា សាឡង់ខាងលើឈ្មោះ KM សេនធីកា នូសាន់តារា(KM Santika Nusantara) បានធ្វើដំណើររវាងទីក្រុង ស៊ូរ៉ាបាយ៉ា(Surabaya)ធំបំផុតទី២ និងទីក្រុងបាលីកផាផាន (Balikpapan) នៃកោះប័រណេអូ (Borneo) ហើយបើតាមអាជ្ញាធរឥណ្ឌូណេស៊ីសាឡាងនេះផ្ទុកមនុស្ស ២៧៧នាក់ នៅពេលមានភ្លើងឆេះមួយកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃភ្លើងឆេះសាឡាងនេះនៅឡើយទេ។
លោកបានបន្តថា«មនុស្សប្រហែល ២៤៥ នាក់ត្រូវបានជម្លៀសចេញដោយប្រើទូកតូចៗរីឯអ្នកដំណើរ ៣០ នាក់នៅតែបាត់ខ្លួន»។
ក្នុងនោះបើតាមអ្នកនាំពាក្យប៉ូលិសកោះជ្វាខាងកើត លោក Frans Barung Mangera បានបញ្ជាក់ នៅថ្ងៃសុក្រនេះថា យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ ហើយមនុស្សរាប់សិបនាក់ទៀតមិនបានរាប់បញ្ចូល។
គួរជម្រាបថា សាឡាងគឺជាមធ្យោបាយធ្វើដំណើរដ៏មានប្រជាប្រិយភាពមួយ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារប្រទេសនេះមានដីកោះច្រើនលើសលប់ ហើយជាញឹកញាប់បញ្ហាលិចសាឡង់ ក៏តែងតែកើតឡើងជាររឿយៗផងដែរ ដោយសារតែកង្វះបទដ្ឋានសុវត្ថិភាព និងការអនុវត្តច្បាប់នៅមានភាពធូររលង់៕
ប្រភព៖ Channel Newasia