ឆេះរោងសិប្បកម្មផលិតពូក រថយន្តអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ៤៥គ្រឿង និងប្រើប្រាស់ទឹក ៣២៧ឡាន
ភ្នំពេញ ៖ រហូតដល់ម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះ បានសម្រេចហើយ តែចំពោះអគារកម្ពស់៤ជាន់ សមត្ថកិច្ចអាចរំលំអគារនោះតែម្តង ព្រោះខ្លាចរលំបាក់ស្រុតមកលើផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាង ។ នេះបើយោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ៦៣ឆ្នាំ មានមុខរបរ ម្ចាស់រោងចក្រ , ប្រភេទសំណង សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កំពស់៤ជាន់ ។ ការឆាបឆេះនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
តាមរបាយការណ៍បានឲ្យដឹងទៀតថា ការឆាបឆេះនេះ បណ្តាលឲ្យខូចខាត ឆេះរោងសិប្បកម្មផលិតពូកគេង សង់ថ្មបេតុងប្រក់ស័ង្កសីទំហំ២០០ម៉ែត្រX២០០ម៉ែត្រ កំពស់៤ជាន់ អស់ទាំងស្រុង រួមទាំងឆេះឧបករណ៍សម្ភារបម្រើឲ្យការផលិតពូកមានដូចជាឆេះម៉ាស៊ីនដេរចំនួន១៨គ្រឿង, ឆេះម៉ាស៊ីន កាត់ពូកចំនួន៧គ្រឿង, ឆេះម៉ាស៊ីនជាក់ពូកចំនួន១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ការឆាបឆេះនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់នោះទេ។
ក្នុងគ្រោះអគ្គិភ័យនេះផងដែរ កម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍រួមមាន ៖ រថយន្តការិ.អគ្គិភ័យ: ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់១៥៧ឡាន ស្មើនឹង ៧៣០ម៉ែត្រគូប, រថយន្តជំនួយ : រថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣៥ឡាន ស្មើនឹង១៦៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ៣៦ឡាន ស្មើនឹង ៤១០ ម៉ែត្រគូប, រថយន្តអគ្គិភ័យ OCICកោះពេជ្រ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន ស្មើនឹង ១៤៤ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ១២ ម៉ែត្រគូប, រថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង ០៨ ម៉ែត្រគូប, រថយន្តអគ្គិភ័យ ង៧០ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មេីនឹង ៤០ ម៉ែត្រគូប។
សូមបញ្ជាក់ថា នៅវេលាម៉ោង១៣និង២០នាទីរសៀល ថ្ងៃ សុក្រ ៨រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅសិប្បកម្មពូក ស្ថិតតាមណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
អត្ថបទ៖ សុខ លាភ