គូស្នេហ៍មួយគូបានរៀបការជាមួយគ្នា ក្រោយពីស្គាល់គ្នាតាមរយៈហ្គេមអនឡាញ PUBG
ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះ នៅក្នុងរដ្ឋ Kulim ប្រទេសម៉ាឡេស៊ី មានគូស្នេហ៍មួយគូបានសម្រេចចិត្តរៀបការជាមួយនឹងគ្នា ក្រោយពីស្គាល់គ្នាតាមរយៈហ្គេមអនឡាញ PUBG។
ប្រភពបានឲ្យដឹងថា នារីម្នាក់ឈ្មោះ Irna Izzany ជាប៉ូលិស បានលង់ស្នេហ៍ជាមួយបុរសឈ្មោះ Mohd Azmil ដែលជាទាហាន។ ពួកគេទាំងពីរមានអាយុ២៤ឆ្នាំដូចគ្នា។ ដំបូងឡើង ពួកគេទាំងពីរបានស្គាល់គ្នាតាមរយៈហ្គេមអនឡាញ Rule of Survival ក្រោយមកទើបប្ដូរមកលេងហ្គេមអនឡាញ PUBG ជាមួយគ្នាវិញ។ ពួកគេតែងតែចំណាយពេលជជែកកម្សាន្ដ តាមការលេងហ្គេម រហូតឈានដល់ការសុំលេខទូរស័ព្ទគ្នាទៅវិញទៅមក។ ទំនាក់ទំនងស្នេហារបស់ពួកគេចាប់ផ្ដើមតាំងពីខែមេសា ឆ្នាំ២០១៨មកម៉្លេះ និងភ្ជាប់ពាក្យជាមួយគ្នាកាលពីចុងឆ្នាំ២០១៨។ ពិធីមង្គលការរបស់ពួកគេត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ។ ក្រោយពីរៀបការហើយ ពួកគេទាំងពីរនឹងត្រូវនៅឆ្ងាយពីគ្នា ដោយសារតែការងាររបស់ពួកគេត្រូវធ្វើដំណើរតាមកន្លែងផ្សេងៗ។
គួរឲ្យដឹងដែរថា គ្រួសាររបស់ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានដឹងថា ពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាតាមរយៈហ្គេមអនឡាញ PUBG។ សម្រាប់លិខិតអញ្ជើញចូលរួមពិធីមង្គលការរបស់ពួកគេ បានរៀបចំរចនារូបតាមរបៀបហ្គេមអនឡាញ PUBG ទៀតផង៕