យុវជនម្នាក់ គិតខ្លីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ
(ភ្នំពេញ)៖ ករណីនេះកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ៣៧ E៣ ក្រុម៤៨ ភូមិ៧ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាសាកសពជនរងគ្រោះមានឈ្មោះ ឌូ សុឃីម ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរជាអ្នកមើលម៉ូតូ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១០យប់ ជនរងគ្រោះបានចប់ពីការងារ រួចឡើងមកផ្ទះខាងលើជាន់ទី៣ ហើយអង្គុយលើប៉ៅអ៊ីនិយាយទូរសព្ទ បានប្រហែលមួយសន្ទុះ បងប្រុសរបស់ជនរងគ្រោះឈ្មោះឌូ សុខឃៀង ស្នាក់នៅជាមួយគ្នាបានឡើងមក ហើយអង្គុយលើប៉ៅអ៊ីជាមួយគ្នា និយាយទូរសព្ទដែរ បានប្រហែលបន្តិច ជនរងគ្រោះបានឱ្យបងប្រុសរបស់ខ្លួនចុះទៅក្រោមសម្រាកមុន ភ្លាមនោះបងប្រុសជនរងគ្រោះក៏បានចុះទៅសម្រាកមុន។ រីឯជនរងគ្រោះនៅអង្គុយចុចទូរសព្ទនិយាយបន្ត។ លុះដល់វេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បងប្រុសបង្កើតរបស់ជនរងគ្រោះមិនឃើញប្អូនប្រុសមកដេកជាមួយ ក៏ឡើងទៅមើលជាន់ទី៣ ឃើញប្អូនប្រុសបង្កើតរបស់ខ្លួន ចងកសម្លាប់ខ្លួននឹងខ្សែលីឡុង ពណ៌ស ជាប់នឹងចម្រឹងដែកប្រក់ដំបូល ទើបប្រញាប់មកប្រាប់ម្ចាស់ផ្ទះដែលខ្លួនស្នាក់នៅ និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះធ្វើការពិនិត្យតែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលផ្នែកកោលស្យវិច័យ បានចុះមកធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា ពិតជាចង.កសម្លាប់ខ្លួនពិតមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕