រថយន្តធុនធំបើកបុកម៉ូតូពេញទំហឹង នៅក្រុងព្រះសីហនុ បណ្ដាលឲ្យក្មេងប្រុស២នាក់បានស្លាប់នៅនឹងកន្លែង ចំណែកស្ត្រីជំទង់ម្នាក់និងក្មេងប្រុស២ទៀត រងរបួសធ្ងន់
(ព្រះសីហនុ)៖ ពត័មានបឋម – មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ បើកបុកម៉ូតូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់នៅនឹងកន្លែង ៣នាក់ទៀតរងរបួស ហេតការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១១ថ្ងៃព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ នៅជិតវេទិកាវិមានឯករាជ្យ ក្រុងព្រះសីហនុ។
រថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ព្រះសីហនុ 3A-2331 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចបាត់ពីកន្លែងកើតហេតុ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ផ្លាស់ប្ដូរទិសបត់ឆ្វេង ក៏បុកប៉ះនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE គ្មានស្លាកលេខ ជិះគ្នាចំនួន ០៥នាក់សុទ្ធតែក្មេងៗ ក្នុងនោះមានស្រីម្នាក់ជាអ្នកបើកបរ។
បើតាមសមត្ថកិច្ចប្រាប់ជាបឋមថា ជនរងគ្រោះជាភាគីខាងម៉ូតូជិះឌុបគ្នា៥នាក់ រួមមានស្ត្រីជំទង់ម្នាក់ជាបងស្រី (ជាអ្នកបើកបរ) ឌុបប្អូនប្រុស៤នាក់ទៀតពីក្រោយ ដែលខ្លះជាសិស្សសាលា ។ ភ្លាមៗជនរងគ្រោះដែលរងរបួសត្រូវបាន បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយគេពុំទាន់ដឹងថា វាសនា របស់ជនរងគ្រោះរួចផុតពីគ្រោះភយ័នៅឡើយទេ ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរ ពិសេសស្ត្រីជាបងស្រីដែលជាអ្នកបើកបរម៉ូតូផ្ទាល់ ។ ជនរងគ្រោះជាអ្នករស់នៅម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ៕