ខណៈពេលដែល ភ្លើងកំពុងព្រៃAmazonគួរឲ្យព្រួយបារម្ភ…ប្រធានាធិបតីប្រេស៊ីលប្រាប់ទៅបរទេស​ទាំងអស់កុំចូលជ្រៀតជ្រែកឲ្យសោះ

(ប្រេស៊ីល)៖ យោងតាមការចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានឲ្យដឹងថា ​ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ(Jair Bolsonaro) កាលពីថ្ងៃព្រហស្បតិ៍ (២២ សីហា) បានទទួលស្គាល់ថា ក្រុមកសិករមួយចំនួនអាចជាអ្នកបង្កឲ្យមានភ្លើងឆេះ នៅក្នុងតំបន់ព្រៃទាក់ទាញទឹកភ្លៀង ដ៏ធំបំផុតមួយនៅលើពិភពលោកមួយនេះ។​

សូមជម្រាបថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែលម៉ាក្រូន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntónio Guterres ​បាននាំគ្នារិះគន់បញ្ហាភ្លើងឆេះព្រៃក្នុងតំបន់អាម៉ាហ្សូន​នៅបណ្តាញ​Twitter ដើម្បីសម្តែងការព្រួយបារម្ភអំពីអគ្គិភ័យដែលបានឈានដល់ចំនួនកំណត់ត្រានៅឆ្នាំនេះដែលបំផ្លាញព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់​។

​លោក បូលសូណារ៉ូ (Bolsonaro) បានឆ្លើយតបយ៉ាងក្រអឺតក្រទម​ ប្រាប់ទៅមហាអំណាចបរទេសថា«កុំឲ្យលូកដៃចូលជ្រៀតជ្រែកឲ្យ​សោះ។​ ប្រទេសមួយចំនួនផ្ញើលុយមកកាន់ទីនេះ មិនមែនដើម្បីបុព្វហេតុមនុស្សធម៌ឡើយ…​ប៉ុន្តែពួកគេផ្ញើលុយមកកាន់ទីនេះ ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់យើងតែប៉ុណ្ណោះ ហើយខ្ញុំក៏ចង់សួរអ្នកទាំងអស់គ្នាដែរថា បើសិនជាអ្នកវិញតើអ្នកនឹងដោះស្រាយ បញ្ហាភ្លើងឆេះព្រៃនេះដូចម្ដេច? ខណៈអ្នកដឹងហើយថា អាម៉ាហ្សូន មានទំហំធំជាងអឺរ៉ុបទៅទៀត»។

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានជាតិសម្រាប់ការសិក្សាស្រាវជ្រាវទីអវកាស (INPE) មានភ្លើងឆេះព្រៃរហូតដល់ទៅ ៧២,៨៤៣ កន្លែង បានកើតឡើងក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៩ នេះហើយក្នុងចំណោមនោះ ច្រើនជាងពាក់កណ្ដាល គឺកើតឡើងនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។ អាត្រានេះបានកើនឡើងជាង ៨៣ភាគរយឯណោះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

យ៉ាងណាមិញ ក្រុមអង្គការសង្គមស៊ីវិលផ្នែកការពារបរិស្ថាននៅក្នុងប្រទេសប្រេស៊ីល បានទម្លាក់ការទទួលខុសត្រូវនៃបញ្ហាភ្លើងឆេះព្រៃ ទៅលើប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro ដោយចោទថា លោកមានភាពធូររលង់ក្នុងការគ្រប់គ្រងព្រៃឈើ ហើយទាំងលើកទឹកចិត្តឱ្យមានការកាប់បំផ្លាញព្រៃទៀតផង តាមរយៈគំរោងបើកដៃធ្វើអាជីកម្មក្នុងតំបន់ព្រៃអាម៉ាហ្សូន។

ប៉ុន្តែលោក Bolsonaro បានចោទប្រកាន់បកវិញថា ភ្លើងឆេះព្រៃនៅក្នុងតំបន់អាម៉ាហ្សូន អាចបណ្ដាលមកពីក្រុមអង្គការសង្គមស៊ីវិលការពារបរិស្ថាន គឺជាអ្នកដុតដោយចេតនា ដើម្បីឱ្យអន្តរជាតិរិះគន់រដ្ឋាភិបាលរបស់លោក។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីប្រេស៊ីលរូបនេះក៏បានបណ្ដេញនាយកវិទ្យាស្ថាន INPE ចេញពីតំណែងផងដែរ បន្ទាប់ពីចុះផ្សាយរបាយការណ៍ថា ការកាប់បំផ្លាញព្រៃឈើនៅតំបន់អាម៉ាហ្សូនមានអាត្រាដល់ទៅ ៨៨ភាគរយក្នុងខែមិថុនាកន្លងទៅ ដែលលោក Bolsonaro ផ្ទាល់អះអាងថា ជារបាយការណ៍កុហក។

សូមជម្រាបថា ព្រៃអាម៉ាហ្សូនត្រូវបានគេចាត់ទុកថា «សួតរបស់ផែនដី» ដោយវាផលិតខ្យល់អុកស៊ីហ្សែន ២០ភាគរយ នៅក្នុងបរិយាកាសផែនដីទាំងមូល និងជាព្រៃទាក់ទាញទឹកភ្លៀងដ៏សំខាន់មួយ នៅលើពិភពលោក។ ដូច្នេះហើយ ទើបក្រុមអ្នកវិទ្យាសាស្ត្រជាច្រើន ព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាភ្លើងឆេះព្រៃ និងការកាប់បំផ្លាញព្រៃឈើអាម៉ាហ្សូន ដ្បិតវាអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ ប្រឆាំងនឹងការឡើងកម្ដៅផែនដី៕

ប្រភព៖ Channel Newasia

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds