ក្រុមហ៊ុន Google បិទ YouTube channel ចំនួន២១០ ដែលផ្សព្វផ្សាយព័ត៌មានមិនពិតពី បាតុកម្មក្នុងទីក្រុងហុងកុង
(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Google បានសម្រេចចិត្តបិទ channels ចំនួន២១០ នៅលើបណ្ដាញ ទំនាក់ទំនងសង្គម YouTube ក្រោមក្របខណ្ឌនៃការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩។
ក្រុមហ៊ុន YouTube ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Google បានបិទ channels ខាងលើ ដោយសារតែម្ចាស់គណនីនៃ channels ទាំង២១០នេះ បានព្យាយាមបង្ហោះព័ត៌មានមិនពិតជុំវិញ បាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង ក៏ដូចជាបង្ខូចកិត្តិយសក្រុមបាតុករ។ ក៏ប៉ុន្តែ ទាំង Google និង YouTube មិនបានបញ្ជាក់លម្អិតពីអ្នកនៅពីក្រោយពិតប្រាកដនៃការផ្សព្វផ្សាយព័ត៌មានទាំងនោះឡើយ។ គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Facebook និង Twitter ក៏បានបិទគណនីរាប់រយ របស់អ្នកប្រើប្រាស់ផងដែរ ដើម្បីទប់ស្កាត់ព័ត៌មានមិនពិតជុំវិញបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង៕