គ្រូ​បង្វឹកក្លឹបក្រសួងការពារជាតិ​ច្នៃក្បួន​ការពារ​របស់​អាស៊ី​អឺរ៉ុប​ទទួល​​ណាហ្គាល្ងាចនេះ​

ថ្ងៃទី 30ខែមីនា ឆ្នាំ ២០១៩ ម៉ោង 02 :29pm

ភ្នំពេញ៖ លោក​ ភា​ សុភក្ត្រា​ នឹង​យក​​ក្បាច់​ការពារ​ជោគជ័យ​របស់​​ក្លឹប​អាស៊ី​អឺរ៉ុប​មក​ប្រើ​​ក្នុង​ការ​ប្រកួត​សប្តាហ៍​ទី​២​នៃ​លីគ​កម្ពុជា​ដែល​ក្រសួង​ការពារ​ជាតិ​ត្រូវ​​ប្រកួត​​ជា​មួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ណាហ្គាវើល​នៅ​ស្តាត​ចាស់​។

សប្តាហ៍​បើក​ឆាក​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៩​កន្លង​ទៅ​ អាស៊ី​អឺរ៉ុប​​​ទទួល​បាន​១​ពិន្ទុ​ពី​ការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ណាហ្គាវើល​ បន្ទាប់​ពី​​លទ្ធផល​ស្មើ​គ្នា​ ១-១។ ការ​ប្រកួត​នោះ​មើល​ឃើញ​ថា ម្ចាស់​ផ្ទះ​អាស៊ី​អឺរ៉ុប​បាន​ប្រើ​​យុទ្ធ​សាស្ត្រ​ការពារ​បាន​ល្អ​​ដែល​មិន​អាច​ធ្វើ​ឲ្យ​ណាហ្គាវើល​ទម្លាយ​សំណាញ់​ទី​បាន​​ស្រួល​ឡើយ។

ផ្អែក​តាម​លទ្ធផល​ខាង​លើ​នេះ​ លោក ភា សុភត្ត្រា​ គិត​ថា អាស៊ី​អឺរ៉ុប​ការពារ​បាន​ល្អ​ ហើយ​លោក​អាច​យក​គំរូ​តាម។ លោក​បាន​ប្រាប់​​ Sabay ថា​ ណាហ្គាវើល​រដូវ​កាល​នេះ​មមាញឹក​ខ្លាំង ប៉ុន្តែ​ការងារ​រវល់​គឺ​​ការ​ប្រកួត​អន្តរជាតិ​ ដូច្នេះ​កម្រិត​របស់​ក្រុម​ណាហ្គាវើល​កាន់​តែ​ខ្លាំង​ជាង​ឆ្នាំ​មុន​ ប៉ុន្តែ​លោក​បាន​ដឹង​ពី​កម្រិត​នៃ​ការ​ប្រយុទ្ធ​ និង​ការពារ​របស់​ណាហ្គាវើល។

លោក​បន្ត​ថា ៖«ខ្ញុំ​បាន​តាម​ដាន​ការ​ប្រកួត​កាល​ជា​មួយ​អាស៊ី​អឺរ៉ុប​ដែរ​​គឺ​ អាស៊ី​អឺរ៉ុប​ការពារ​បាន​ល្អ​ជាមួយ​ណាហ្គា។ ១​គ្រាប់​ណាហ្គា​គឺ​ជា​គ្រាប់​បាល់​រៀប​ចំ​ អីចឹង​ខ្ញុំ​ផ្តោត​ទៅ​​លើ​របៀប​នៃ​ការ​ការពារ​របស់​អាស៊ី​អឺរ៉ុប​​​​ យក​មក​ច្នៃ​ប្រឌិត​បន្ថែម​បូក​នឹង​របៀប​ការពារ​ដែល​ទ័ព​មាន​»។

ជុំ​វិញ​ក្រុម​របស់​ខ្លួន​ គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្រសួង​ការពារ​ជាតិ​នឹង​មិន​មាន​ការ​ផ្លាស់​ប្តួរ​​របៀប​លេង​ច្រើន​ទេ​ ពី​ព្រោះ​​ក្រុម​បាន​ត្រៀម​រួច​ហើយ​ ​គ្រាន់​តែ​ថា ត្រូវ​​ប្រឹង​បន្ថែម​ទៀត​នៅ​តំបន់​ប្រយុទ្ធ។ យ៉ាង​ណា​ ក្រុម​របស់​លោក​មាន​កីឡាករ​៣​នាក់​របួស​ ដូច្នេះ​ជា​បញ្ហា​លំបាក​សម្រាប់​លោក​ដែរ។

លោក ភា សុភក្ត្រា បាន​​លើក​ឡើង​ពី​ចំណុច​ខ្លាំង​របស់​ណាហ្គាវើល​​ដែល​ក្រុម​របស់​លោក​ត្រូវ​ប្រុង​ប្រយ័ត្ន​គឺ​​លោក​ មាស ចាន់ណា គ្រូ​ណាហ្គា​ពូកែ​រៀប​ចំ​​លេង​​បាល់​លើក​ចេញ​ពី​ជ្រុង​ និង​ហ្វ្រីឃីក​លើក​ពី​ចម្ងាយ។ ចំពោះ​ការ​ប្រយុទ្ធ​បែប​វាយ​បក​គឺ​មិន​សូវ​លឿន​ទេ​​ បើ​ប្រៀប​ធៀប​នឹង​រដូវ​កាល​មុន។

កាល​ពី​សប្តាហ៍​ទី​១​កន្លង​ទៅ ក្រសួង​ការពារ​ជាតិ​​រក​បាន​១​ពិន្ទុ​ តាម​រយៈ​ស្មើ​សូលទីលូអង្គរ​ ១-១ ខណៈ​ណាហ្គាវើល​ក៏​បាន​១​ពិន្ទុ​ បន្ទាប់​ពី​ស្មើ​​អាស៊ី​អឺរ៉ុប​ដោយ​លទ្ធផល​ ១-១។

ការ​ប្រកួត​រវាង​ក្រុម​ខ្លាំង​​ម្ចាស់​ផ្ទះ​​ក្រសួង​ការពារ​ជាតិ និង​ណាហ្គាវើល​ វេលា​ម៉ោង​៦​ល្ងាច​ ថ្ងៃ​​សៅរ៍​​ ទី​៣០​ ខែ​មីនា ចុង​សប្តាហ៍​នេះ​នៅ​ស្តាត​ចាស់។ សូម​បង​ប្អូន​​ចូល​រួម​គាំទ្រ​អោយ​ច្រើន​កុះ​ករ៕

កាលវិភាគសម្រាប់ការប្រកួតក្នុងខែមីនានេះ

កម្មវិធី​ប្រកួត​សប្តាហ៍​ទី​១ ថ្ងៃ​សៅរ៍ ទី​៣០​ មីនា​

  • ប៉ូលិស​ vs អាស៊ី​អឺរ៉ុប ម៉ោង​៣:៣០​នាទី​រសៀល​​ នៅ​ទី​លាន​អគ្គិសនី​កម្ពុជា​
  • វិសាខា​ vs គីរី​វង់​សុខ​សែន​ជ័យ ម៉ោង​៣:៣០​នាទី​រសៀល នៅ​ទីលាន​វិសាខា​​
  • ណាហ្គាវើល vs ក្រសួង​ការពារ​ជាតិ​ ម៉ោង​៦​ល្ងាច​ នៅ​ស្តាត​ចាស់​

កម្មវិធី​ប្រកួត​សប្តាហ៍​ទី​១ ថ្ងៃ​អាទិត្យ​ ទី​៣១​ មីនា

  • សូលទីលូអង្គរ​ vs ព្រះ​ខ័នរាជ​ស្វាយរៀង ម៉ោង​ ៣:៣០​​នាទី​រសៀល​ នៅ​ទី​លាន​ខេត្ត​សៀមរាប
  • យុវជន​ U18 បាទី​ vs ភ្នំពេញ​ក្រោន​ ម៉ោង​៣:៣០​នាទី​​រសៀល​ នៅ​ទី​លាន​បាទី​
  • កំពង់ចាម​ vs អង្គរថាយហ្គឺរ ម៉ោង​៣:៣០​នាទី​​រសៀល​ នៅ​​ទី​លាន​វិទ្យាល័យ​ម៉េមត់​​

អគ្គិសនី​កម្ពុជា​ vs បឹងកេត​ ម៉ោង​៣:៣០​នាទី​​រសៀល​ នៅ​​ទី​លាន​អគ្គិសនី​កម្ពុជា​​​​​​​​​។

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds