ទូតខ្មែរ កំពុងអន្តរាគមន៍ជួយពលករខ្មែរ៨៥នាក់ ដែលចាញ់បោកមេខ្យល់ជនជាតិថៃ ដែលត្រូវអាជ្ញាធរថៃចាប់ខ្លួន

ភ្នំពេញ៖ ពលករខ្មែរចំនួន៨៥នាក់ ដែលកំពុងឃុំខ្លួននៅប្រទេសថៃ ត្រូវស្ថានទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ កំពុងជួយអន្តរាគមន៍ បន្ទាប់ពីពួកគាត់បានចាញ់បោកមេខ្យល់ជនជាតិថៃ ទៅបម្រើការងារដោយខុសច្បាប់ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សារវាង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក ណូរីកាហ្សូ ស៊ូហ្សុយគី (Norikazu SUZUKI) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន ទទួលបន្ទុកកិច្ចការសភា នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា៖ «ពលករ៨៥នាក់ ត្រូវបានចាប់ជាយូរខែមកហើយ ហើយចុងក្រោយនេះខាងអគ្គកុងស៊ុលយើង នៅខេត្តស្រះកែវ ក៏ដូចជាស្ថានទូតកម្ពុជា ប្រចាំនៅបាងកក បានដុតដៃដុតជើងណាស់ គឺបានទៅមើលគាត់ដល់កន្លែងឃុំឃាំង»។

ការស្នើសុំឱ្យមានការដោះលែងពលករខ្មែរទាំង៨៥នាក់នេះ បានធ្វើឡើងបន្ទាប់ពីសាច់ញាតិរបស់ពួកគេ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ទៅភាគីថៃ ដោយបានអះអាងថា ពលករទាំងអស់នោះត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនដាក់មន្ទីរឃុំឃាំងជាង៣ខែមកហើយ។

លោក ថា រហូតដល់ពេលនេះ ពលករខ្មែរនៅទីនោះ មានសុខភាពល្អ ដោយមានការទំនុក បម្រុងត្រឹមត្រូវ ពីសំណាក់អាជ្ញាធរថៃ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺអាជ្ញាធរថៃ បានឃុំខ្លួនពលករចំណាកស្រុកកម្ពុជា លើសរយៈពេលកំណត់។

លោកបានបន្តថា ចំណុចដែលភាគីថៃ បន្តឃុំខ្លួនពលករខ្មែរ លើសរយៈពេលកំណត់នេះ ជាការឆ្លើយតបភាគីថៃ ចង់រក្សាទុកពលករខ្មែរទាំង៨៥នាក់នេះ ដើម្បីជាបន្ទុកឆ្លើយចំពោះមេខ្យល់ថៃ ចំនួន៧នាក់ ដែលពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស ដូច្នេះទាំងស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ និងស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក កំពុងតែធ្វើការងារចំពោះបញ្ហានេះ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds