លោក សម រង្ស៊ី ស្វាគមន៍បណ្តឹងសម្តេចតេជោ
(ទីក្រុងប៉ារីស)៖ បន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាកូនប្រុសនៃសពលោក ហុក ឡងឌី បានដាក់ពាក្យបណ្តឹងជាផ្លូវការប្តឹងលោក សម រង្ស៉ី អតីតមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការ ទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក សម រង្ស៊ី ស្វាគមន៍បន្តឹងនេះ ។
សរសេរនៅតាមទំព័រហ្វេសបុក នៅព្រឹកថ្ងៃទី២១ ខែសីហានេះ លោកសម រង្ស៊ី បានអោយដឹងថា ខ្ញុំ សម រង្ស៊ី ស្វាគមន៍បណ្តឹង ហ៊ុន សែន ប្តឹងខ្ញុំ នៅមុខតុលាការប្រទេសបារាំង ក្រោយពីខ្ញុំបានចោទប្រកាន់ថា គាត់បានសម្លាប់លោក ហុក ឡង់ឌី កាលពីឆ្នាំ ២០០៨។
លោកថា បើ ហ៊ុន សែន គ្រាន់បើមែន ហើយចង់ការពារកិត្តិយសគាត់មែន គាត់គួរតែប្តឹងខ្ញុំផងដែរ នៅមុខតុលាការប្រទេសបារាំងនេះ ក្រោយពីខ្ញុំបានចោទប្រកាន់ថា គាត់បានសម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ ២០០៤ និងបានសម្លាប់លោកបណ្ឌិត កែម ឡី កាលពីឆ្នាំ ២០១៦។ ឯភរិយាគាត់វិញ គឺ ប៊ុន រ៉ានី ហ៊ុន សែន (ឈ្មោះដើម សាម ប៊ុនហ៊ាង) ក៏គួរតែប្តឹងខ្ញុំផងដែរ ក្រោយពីខ្ញុំបានចោទប្រកាន់ថា គាត់ (ប៊ុន រ៉ានី) បានសម្លាប់សិល្បការិនីខ្មែរ ពិសិដ្ឋ ពិលីកា កាលពីឆ្នាំ ១៩៩៩។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលម៉ិញ មានពាក្យប្តឹងចំនួន២ ដាច់ដោយឡែកពីគ្នាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ឌី វិជ្ជា បានដាកពាក្យបណ្តឹង ទៅកាន់តុលាការប្រទេសបារាំង បន្ទាប់ពីលោក សម រង្ស៉ី ថា សម្តេចតេជោ បានសម្លាប់ ឯកឧត្តម ហុក ឡងឌី សម្តេចតេជោ បានបញ្ជាឲ្យសម្លាប់លោក ជា វិជ្ជា និងចុងក្រោយ សម្តេចតេជោ បានភូតកុហកអំពីមូលហេតុនៃការស្លាប់របស់ឯកឧត្តម ហុក ឡងឌី ដោយកុហកថា ឧទ្ធម្ភាគចក្រដែលក្នុងនោះឯកឧត្តម ហុក ឡងឌី បានទទួលមរណភាព គឺត្រូវរន្ទៈបាញ់ ខណៈដែលបុគ្គល សម រង្ស៉ី អះអាងថា ឧទ្ធម្ភាគចក្រនេះត្រូវបានផ្ទុះដោយគ្រាប់បែកដែលបានដាក់បង្កប់នៅក្នុងនោះ៕
អត្ថបទ៖ សុខ លាភ