​សរុបដំណើរប្រឡង នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ដំណើរការសំណេរព្រឹកថ្ងៃទី២ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ល្អ មិន​មាន​បាតុភាព​កើត​ឡើង ភាព​មិន​ប្រក្រតី​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ បើ​ទោះ​បី​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​មណ្ឌល​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះវិហារ​ ស្ទឹង​ត្រែង រតនគិរី និង​កោះកុង ប៉ុន្តែ​​ដំណើរ​ការ​សំណេរ​នៅ​តែ​ មាន​ដំណើរ​ការ​ល្អ មាន​សភាព​ស្ងប់ស្ងាត់ និង​របៀប​រៀបរយ​ល្អ ដោយ​មាន​ការ​យក​ចិត្ត​​ទុកដាក់ និង​ទំនួល​ខុស​ត្រូវ​ខ្ពស់​ពី គណៈ​មេ​ប្រយោគ​ទូទាំង​ប្រទេស គណៈ​អប្បមាទ​ទូទាំង​ប្រទេស ជំនួយ​ការ​អប្បមាទ​ទូទាំង​ប្រទេស ប្រធាន អនុ​ប្រធាន​មណ្ឌល គណៈកម្មការ​កណ្ដាល គណៈ​កម្មការ​ត្រួត​ពិនិត្យ​អគារ គណៈ​កម្មការ​អនុរក្ស ដោយ​មាន​ការ​ចូលរួម​សហការ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អង្គភាព​ប្រឆាំង​អំពើពុករលួយ មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ។ ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។

ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មាន​ពីរ​មុខ​វិជ្ជា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ (​អក្សរសាស្ត្រ​ខ្មែរ និង​រូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា)។ ចំនួន​បេក្ខជន​អវត្តមាន​នា​ពេល​ព្រឹកចំនួន ១៨១៨ នាក់ ស្រី ៦៩៦នាក់ ជាភាគរយ ១.៥៥%។ បេក្ខជនមានបញ្ហាសុខភាពចំនួន​៦៣ករណី ក្នុងនោះ​មិន​អាច​វិល​ត្រឡប់​មក​ប្រឡង​វិញ ៣​ករណី ចំណែក​បេក្ខជន​ផ្សេង​ទៀត​បន្ត​ប្រឡង​ជា​បន្ត​ទៀត​បាន បន្ទាប់​ពី​ទទួល​បាន​ការ​សង្គ្រោះ​បឋម។

សូមជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៤៦៩០នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២៣៥៣នាក់ មាន ១២៧ មណ្ឌល៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open