ពលរដ្ឋ៩គ្រួសារនៅសង្កាត់នគរធំ ស្នើអោយលោក ពេជ្រ ស្រស់ ជួយជំរុញឲ្យអាជ្ញាធរ ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់
ខេត្តសៀមរាប: ប្រជាពលរដ្ឋចំនួន៩គ្រួសារ នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប បានតវ៉ាជំរុញឲ្យអាជ្ញាធរ ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី(ប្លង់រឹង)ជូនពួកគាត់ ឲ្យបានឆាប់ បន្ទាប់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យ១៥៨ បញ្ជាឲ្យកាត់ឆ្វៀលដីតំបន់នេះ ប្រគល់ឲ្យទៅពលរដ្ឋកាន់កាប់វិញ តាំងពីជាង ៣ ឆ្នាំមក។
នាព្រឹកថ្ងៃទី២០ ខែសីហា ប្រជាពលរដ្ឋទាំង៩ គ្រួសារ បានប្រមូលផ្តុំគ្នា ប្រជុំជាមួយលោក ពេជ្រ ស្រស់ ប្រធានប្រតិភូបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ រួមជាមួយអជ្ញាធរសង្កាត់នគរធំ ដើម្បីស្នើសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ ចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីប្រកាស ឲ្យអាជ្ញាធរ កាត់ឆ្វៀលដីនេះ ចេញពីតំបន់អាជ្ញាធរជាតិអប្សរាកាលពីឆ្នាំ ២០១៦ កន្លងទៅ។
អ្នកស្រី ហេង អៀងវុន តំណាងទាំងប្រជាពលរដ្ឋ៩ គ្រួសារបានឲ្យដឹងថា ពួកគាត់បានរស់នៅកាន់កាប់ដីរបស់ខ្លួនតាំងពីឆ្នាំ ២០០២ មកម្លេស ប៉ុន្តែអាជ្ញាធរ មិនបាន គោរពសេចក្តីណែនាំរបស់រដ្ឋាភិបាលក្នុងការដោះ ស្រាយជូនពួកគាត់នោះទេ។
ពលរដ្ឋនៅក្នុងភូមិអញ្ចាញ នៅមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់នៅឡើយ បើទោះបីជាពួកគាត់ បានមករស់នៅតំបន់នេះ ចាប់តាំងពីឆ្នាំ២០០០ និងមានអ្នកទើបតែរស់នៅជាបន្តបន្ទាប់ តាមរយៈទិញដីធ្លីតៗពីគ្នា។
អ្នកស្រីបន្តថា កាលពីប៉ុន្មានឆ្នាំមុន អាជ្ញាធរជាតិអក្សរា បានគំរាមបណ្តេញប្រជាពលរដ្ឋចេញពីតំបន់នេះ ដោយសំអាងថា ប្រជាពលរដ្ឋបានរស់នៅលើដីតំបន់អង្គរ។ ប៉ុន្ដែប្រជាពលរដ្ឋបាននាំគ្នាតវ៉ារហូតលឺដល់លោក ហ៊ុន សែន ទើបលោកនាយករដ្ឋមន្ត្រី បញ្ជាឲ្យកាត់ឆ្វៀលដីតំបន់នេះ ប្រគល់ឲ្យទៅពលរដ្ឋកាន់កាប់វិញ។
អ្នកស្រីបញ្ជាក់ថា៖«រហូតមកដល់ពេលនេះ ពួកខ្ញុំ នៅតែមិនទាន់បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីដូចពលរដ្ឋដទៃទៀតទេ បើទោះជាអាជ្ញាធរសន្យា កាលពី ៣ ឆ្នាំមុនក៏ដោយ។ ខ្ញុំមិនដឹងថា អាជ្ញាធរអប្សរា មានគំនិតបែបណាចំពោះប្រជាពលរដ្ឋនៅក្នុងភូមិនេះទេ។
បន្ទាប់ពីបានស្តាប់បញ្ហារបស់ប្រជាពលរដ្ឋ៩គ្រួសារ ដែលអាជ្ញាធរអប្សរាមិន ព្រមដោះស្រាយជូនពួកគាត់ ថែមទាំងចុះទៅរុះរើផ្ទះពួកគាត់ថែមទៀតផង លោក ពេជ្រ ស្រស់ បានសន្យាលើកយកបញ្ហារបស់ពលរដ្ឋ ដាក់ជូនប្រមុខរដ្ឋាភិបាលនៅក្នុងកិច្ចប្រជុំនៅក្នុងចុងខែនេះ៕
អត្ថបទ៖ សុខ លាភ