ឯកឧត្តម គួច ចំរើន ចុះពិនិត្យផ្ទាល់នៅទីតាំងលក់មាសនៅផ្សារលើក្រុងព្រះសីហនុ ដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពគាស់តូបចំនួន០៣ យកខ្ទេច
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំសមត្ថកិច្ចនគរបាល និងអាវុធហត្ថ ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ ក្រុងព្រះសីហនុ ។
ការចុះមកពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ តបតាមបណ្ដឹងរបស់អាជីវករមានករណីគាស់តូបចំនួន០៣ ក្នុងនោះមានតូបលេខ ១១-១២ និង១៤ នៅវេលាម៉ោងប្រហែលជាង៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ ធ្វើឲ្យបាត់បង់សម្ភារៈមួយចំនួន ក្នុងនោះតូបលេខ១១ អាជីវករឈ្មោះខន បានបាត់បង់មានដូចជា កងឈុតប្លាទីន ៤២កង ,ចិញ្ចៀនប្លាទីន ៩៨វង់ , កងឈុត ៦៧ឈុត , ខ្សែជើងប្លាទីន ៣៨ខ្សែ , បណ្តោងខ្សែកប្លាទីន ១៨ ។ ដោយឡែកតូបពីរផ្សេងទៀត ក៏បាត់បង់ទ្រព្យសម្បត្តិមួយចំនួនផងដែរ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យបងប្អូនអាជីវករ បន្តសកម្មភាពលក់ដូរបន្តទៀត ទុកភារៈកិច្ចនេះឱ្យមន្ត្រីសមត្ថកិច្ចជំនាញចុះធ្វើការស្រាវជ្រាវ រកជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាការពារសុវត្ថិភាពដល់អាជីវករ មានទំនុកចិត្តក្នុងការទុកដាក់សម្ភារ:របស់ខ្លួន ។ ពិសេសសន្តិសុខផ្សារ ត្រូវតែរឹតបណ្តឹងអំពីសុវត្ថិភាពកាន់តែទ្វេដងបន្ថែមទៀត ៕