មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​៤​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស ក្រោយបើករថយន្តទៅបុករថយន្តសណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ងត៍​ ពីក្រោយ​ដែល​គ្មាន​ភ្លើង​បំភ្លឺ

(កំពត)៖ មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​៤​នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បុក​ជាមួយ​រថយន្ដ​ដឹក​ស៊ីម៉ងត៍​ កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​លើ​ផ្លូវជាតិ​លេខ​៣៣​ ក្នុងភូមិ​ត្រពាំង​ធំ​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​

សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ រថយន្ដ​ទាំង​២​គ្រឿង​នេះ​ បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ ដោយ​រថយន្ដ​របស់​មន្ដ្រី​នគរបាល​ ម៉ាក​ Highlander​ ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z-0241​ បាន​បុក​រថយន្ដ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ងត៍​ ពីក្រោយ​ដែល​គ្មាន​ភ្លើង​បំភ្លឺ​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ 3A-1861​ បណ្តាលឲ្យស្លាប់៤នាក់ និងរបួសម្នាក់ ។ ចំណែកអ្នកបើកបរ​រថយន្ដ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ស៊ីម៉ងត៍​ បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​តែម្តង។

ជនរង​គ្រោះ​ទាំង​៥​នាក់​ដែល​ស្លាប់​និង​រង​របួស​នោះ​រួម​មាន​ ៖​

​ទី​១.​លោក​អនុសេនីយ៍ឯក​ ស្ងួន​ សា​រ៉ាត​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មន្ត្រី​នគរបាល​ច្រក​ទ្វារ​ព្រែក​ចាក​ ជា​អ្នកបើកបរ​(​ស្លាប់​)​។​

ទី​២.​លោក​វរសេនីយ៍ឯក​ ញឹ​ប​ភី​រក្ស​ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ​ ប្រធាន​ក្រុម​ចំណូល​ច្រក​ទ្វារ​ព្រែក​ចាក​ ទីលំនៅ​ភ្នំពេញ​(​ស្លាប់​)​។​

​ទី​៣.​លោក​វរសេនីយ៍ទោ​ តាន់​ផេង​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ នាយ​រង​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រែក​ចាក​ ទីលំនៅ​ក្បាល​រមាស​ (​ស្លាប់​)​។​

ទី​៤.​លោក​អនុសេនីយ៍ទោ​ ឃី​.​ ឡុ​ក​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មន្ត្រី​ក្រុម​ចំណូល​ច្រក​ទ្វារ​ព្រែក​ចាក​ (​អគ្គ​ភស្តុ​ភារ​)​ ស្លាប់​។​

​និង​ទី​៥.​លោក​អនុសេនីយ៍ឯក​ ថៃ​ វី​រ:​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ ច្រក​ទ្វារ​ព្រែក​ចាក​ រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​។​

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យប្រគល់សពជនរងគ្រោះឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងនាំយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds