មកដឹងស្នៀតដ៏សែនគ្រោះថ្នាក់របស់ ម៉ៃសុទ្ធ មុនប៉ះ ឡៅ ចិត្រា ស្អែកនៅកំពង់ស្ពឺ
ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ ម៉ោង 7 ៖ 23 PM
វេលាកាន់តែជិតដល់មែនទែនហើយ ដែលមានជំនួបមិត្តភាពអន្តរជាតិអមគូរខ្សែក្រវាត់កម្មវិធី «អ្នកតស៊ូគុនខ្មែរគោជល់ដំណើរទៅតាមខេត្ត» រវាង ឡៅ ចិត្រា និងជើងខ្លាំងឆ្លងដែនមកពីថៃ ម៉ៃសុទ្ធ ល្ងាចថ្ងៃសៅរ៍ស្អែកនេះក្នុងខេត្តកំពង់ស្ពឺ។
មុនដល់ការប្រកួតរវាង ចិត្រា និង ម៉ៃសុទ្ធ ឥលូវនេះមើលពីស្នៀតគ្រោះថ្នាក់ ឬបច្ចេកទេសខ្លះៗដែលកីឡាករថៃរូបនេះធ្លាប់យកឈ្នះកីឡាករកម្ពុជាដូច ឃីម ឌីម៉ា ឡុង សំណាង សួន ចាន់នី និងស្មើ ឡៅ ចន្រ្ទា នាពេលកន្លងមក។
ម៉ៃសុទ្ធ ម្នាក់នេះមានចំណុចល្អច្រើន គឺរឹងមាំ ធន់និងការវ៉ៃត្រូវរបស់ដៃគូ ចូលចិត្តធាក់ជន្ទល់សត្រូវ ចំណែកទាត់វិញក៏រហ័សផងដែរ ប៉ុន្តែចូលចិត្តទាត់ឆ្មក់ពីចម្ងាយមួយៗប៉ុណ្ណោះ។ បើនិយាយការប្រើកែងវិញក៏បានល្អដែរ ប៉ុន្តែមិនសូវប្រើឡើយ ពោលចូលចិត្តវ៉ៃតាមដំណើរមិនសូវបុកនោះទេ គឺថយៗទប់ដៃគូវិញ។ អ្នកលេងគុនថៃរូបនេះ ប្រើជង្គង់បានល្អណាស់ នៅពេលចាប់ម្ដងៗមានកម្លាំងកាចល្អ ខណៈរូបគេខ្ពស់ទៀតនោះរឹតតែបានផល។ កីឡាករឧស្សាហ៍បង្ហាញមុខនៅសង្វៀន CNC រូបនេះមានកម្លាំងស៊ុហ្វល្អ រាល់ការប្រកួតកន្លងមកកម្រអស់មុនចប់ទឹក៥ណាស់។
ចំពោះ ឡៅ ចិត្រា របស់កម្ពុជាវិញក៏មិនអន់ដែរ នៅក្នុងស្រុកមានតែ ផល សោភ័ណ្ឌ ម្នាក់គត់ដែលអាចឈ្នះអ្នកប្រដាល់រូបនេះកាលពីប៉ុន្មានខែមុននេះក្នុងវគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់មួយ ក្រៅពីនោះភាគច្រើនទទួលបានជោគជ័យ។ អ្នកប្រដាល់មកពីកំពង់ស្ពឺខាងលើនេះ គឺចិត្តសឿងណាស់ មិនដែលខ្លាចដៃគូឡើយ ពោលឡើងដល់សង្វៀនហើយ ដឹងតែវ៉ៃហើយមិនថាកីឡាករមកពីណា មានប្រវត្តិប្រកួតយ៉ាងណានោះទេ។ ចិត្រា គឺល្អមួយឈុត មិនថាកណ្ដាប់ដៃ ទាត់ធ្ងន់ ឬកែងនោះឡើយ ពោលអាចប្រើបានគ្រប់កាលៈទេសៈ។ បើស្នៀតជង្គង់វិញ មិនបាច់និយាយឡើយ ឲ្យតែហ៊ានចាក់តទល់គ្នាដឹងតែគ្រោះថ្នាក់ហើយ។
អ្នកទាំងពីរនាក់នេះ គឺស្នៀតប្រយុទ្ធប្រហាក់ប្រហែលគ្នា ប៉ុន្តែអាចថា ចិត្រា មានប្រៀបបន្តិចព្រោះវ៉ៃនៅកម្ពុជា ហើយពិសេសទៀតនោះប្រកួតក្នុងខេត្តកំណើតរបស់គេទៀតផង។
រំលឹកដែរថា កម្មវិធី «អ្នកតស៊ូគុនខ្មែរគោជល់ដំណើរទៅតាមខេត្ត» នេះរៀបចំដោយសង្វៀន CNC ដែលមានការឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំង គោជល់។ ធា វាសនា ប៉ះ ឡុង សំណាង សូត្រ សាណូ ប៉ះ រឿង សារិទ្ធ ទម្ងន់៦៣,៥គីឡូក្រាម គូវិលជុំដណ្ដើមខ្សែក្រវាត់។ ចិត្រា ប៉ះ ម៉ៃសុទ្ធ ខណៈ ផល សោភ័ណ្ឌ ប៉ះ កែវកាំងវ៉ាន៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន