សមត្ថកិច្ចចុះបង្ក្រាបជនជាតិចិនសរុបចំនួន១១នាក់ ដកហូតវត្ថុតាងមួយចំនួនធំ ក្នុងខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ នគរបាលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបនិងឃាត់ខ្លួនជនបរទេសជាជនជាតិចិន ចំនួន១១នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ។
ការបង្រា្កបនេះធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ១១០សេ ផ្លូវ ១០១៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ ទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍កាកាប១ មានការដឹកនាំដោយ ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ជាអនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក ផាន់ លីវ៉ា ក្រឡាបញ្ជីចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនបរទេសជាជនជាតិចិនសរុបចំនួន១១នាក់ (ស្រី០១នាក់) ដកហូតបាន កុំព្យូទ័រលេីតុ២១គ្រឿង , កុំព្យូទ័រយួរដៃ ០២គ្រឿង, ទូរសព្ទ ១១៩គ្រឿង សម្ភារៈផ្ទាល់ខ្លួនមានទូរសព្ទ០៧គ្រឿង និងឯកសារ សៀវភៅមួយចំនួន ត្រូវនិងបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕