ឧកញ៉ាចំនួន៥នាក់ បានជួយដល់វីរបុរស ប៉ូលិសរងគ្រោះដោយផ្ទុះធុងហ្គាស នៅសៀមរាប
ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាប និងនៅចាំបានហើយអំពីបុរសជាប៉ូលីសម្នាក់ដែលបានរងគ្រោះដោយសារការផ្ទុះធុងហ្គាស នៅឯកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ខេត្តសៀមរាប។ យ៉ាងណាមិញ ដោយសារតែរបួសធ្ងន់ពេក គាត់ត្រូវបញ្ជូនបន្ទាន់ទៅព្យាបាលនៅថៃហើយ គឺប៉ូលីសដែលរងរបួសធ្ងន់ពេលហក់ទៅជួយជងរងគ្រោះដោយផ្ទុះហ្គាសនៅសៀមរាបឈ្មោះ ហួត មុនីពិសាខ ត្រូវបានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យ អ៊ូរប៊ុន ប្រទេសថៃហេីយ ដោយសាររបួសធ្ងន់ពេក បងប្រុសជាមន្ត្រីប៉ូលីស ផ្នែកអន្តរាគម៏ នៃស្នងការនគរបាលខេត្តសៀមរាប។
ទន្ទឹមនឹងនេះផងដែរលោកឧកញ៉ា៥នាក់ បានបង្ហោះសារមួយនៅតាមបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី១៥ ខែសីហានេះ ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះ។
១/ ឧកញ៉ា ទៀ វិចិត្រចំនួន 4,000,000៛
បើតាមFacebook Page ផ្លូវការ”ទៀ វិចិត្រ TEA VICHET ” បានសរសេរបែបនេះថា(ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកាចំនួន 4,000,000៛ ដល់បងប្រុសដែលរងគ្រោះដោយសារផ្ទុះហ្គាសនៅខេត្តសៀមរាម តាមរយៈប្អូនSovann Rithy…ហើយខ្ញុំក៏សូមជូនពរឲ្យបងប្រុសឆាប់ជាសះស្បើយឡើងវិញ ៚ ទៀ វិចិត្រ)
២/ ឧកញ៉ា ឌួង ឆាយ 1,000,000៛
បើតាមFacebook Page ផ្លូវការ”Duong Chay ឌួង ឆាយ”បានសរសេរបែបនេះថា (ខ្ញុំបាទសូមចូលរួមបរិច្ចាក 1,000,000៛ ចំពោះបងនគរបាលគំរូនៅខេត្តសៀមរាប )។
៣/ ឧកញ៉ា ស្រី ចាន់ថន ៤លានរៀល
បើតាមFacebook Page ផ្លូវការ”Srey Chanthornបានសរសេរបែបនេះថា(អគុណនៅទឹកចិត្តដ៏ល្អរបស់ប្អូនលះបងជីវិតដើម្បីជួយបងប្អូនខ្មែរយើងបងចូលរួមថវិកា(៤លានរៀល)សំរាប់ព្យាបាលជំងឺហើយក៏ជូនពរប្អូនឆាប់ជាសះស្បើយ)
៤/ ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ៤០ម៉ឺនរៀល
បើតាមFacebook “អាចារ្យធំ នគររាជ”បានសរសេរបែបនេះថា(ខ្ញុំ អាចារ្យធំ សូមគោរពអរគុណដល់លោកឧកញ៉ា Navatra Leng ដែលបានជួយថវិកាចំនួន #៤០ម៉ឺនរៀល(១0០$) ជួយដល់វីរជន ប៉ូលីសដែលរងគ្រោះក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភីយ។
ជូនពរលោកឧកញ៉ា និងក្រុមគ្រួសារ ជួបប្រកបតែនឹងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ Leng Navatra ឡេង ណាវ៉ាត្រា)
៥/ ឧកញ៉ា ហ៊ួត ជា 1,000,000រៀល
បើតាមការលើកឡើងលើFacebook Page ផ្លូវការ”Hout Chea ហ៊ួត ជា” បានសរសេរបែបនេះថា” អាណិតគាត់ណាស់ អរគុណបងប្រុសចំពោះការលះបង់ដ៏ធំមួយនេះដោយមិនគិតពីរខ្លួនឯង
ខ្ញុំបាទ ហ៊ួត ជា នឹងជួយគាត់ ជាទឹកប្រាក់ចំនួន 1,000,000រៀល ជាការចូលរួមចំណែកសរសើរដល់សេចក្តីក្លាហានរបស់បង និងរួមចំណែកជួយបងខ្លះ ទាក់ទងនឹងគ្រោះថ្នាក់ដែលបណ្តាលមកពីអគ្គីភ័យនៅសៀមរាប”។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណី ផ្ទុះធុងហ្គាស បង្កជាអគ្គីភ័យឆាបឆេះ នៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ម្តុំផ្លូវលោកតានើយ ទល់មុខពេទ្យនាគទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ករណីផ្ទុះហ្គាសនេះបានបង្កឲ្យមានអ្នករបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះថា ហួត មុនី ពិសាខ បានរងរបួសធ្ងន់៕
អត្ថបទ៖ សុខ លាភ