មេបក្សយុវជន៖ ពលរដ្ឋក្រីក្ររកតែដីកន្លះហិកតាធ្វើមិនបានចុះមន្ត្រីរាជការមានដី រាប់រយហិកតា ហេតុអី  ACU នៅស្ងៀម

បន្ទាប់ពីអភិបាលខេត្តមណ្ឌលគិរីបានសម្រេចដកដីជិត១០០០ ហិកតាពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ម្នាក់មកទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីរកឃើញថា ដីនោះស្ថិតនៅក្នុងដែនអភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន ប្រធានគណបក្សយុវជនកម្ពុជាថា ជារឿងហួសចិត្ត ACUមិនគួរនៅស្ងៀមទេ។

លោក ពេជ្រ ស្រស់ បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅថ្ងៃទី១៤ ខែសីហា នេះថា វាគឺជារឿងគួរឲ្យហួសចិត្តមួយដែលមានពលរដ្ឋក្រីក្រមួយចំនួនរកតែដីកន្លះហិកតាធ្វើកសិកម្មមិនបានផង ប៉ុន្តែបែជាមានមន្រ្តីតំណែងគ្រាក់​ ៗ
មានដីច្រើនលើសលុប​ ជាក់ស្តែងគឺដូចជាករណីអនុរដ្ឋលេខាធិការម្នាក់នេះអញ្ចឹងមានដីរហូតដល់ 1,​000ហិកតាឯណោះ  ហើយទើបតែដកយកវិញ។

លោកថា ចំពោះករណីនេះ ACUមិនគួរនៅស្ងៀមទេ ត្រូវតែស៉ើបរកប្រភពអំពីការបំពានយកដីរដ្ឋទៅកាន់កាប់ដោយខុសច្បាប់​ ហើយមិនអាចឲ្យរួចខ្លួនពីសំណាញ់ច្បាប់នោះ​ឡើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានចេញលិខិតឱ្យអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក សេង សុវណ្ណារ៉ា កាន់កាប់ដីធ្លីទំហំជិត ១ពាន់ ហិកតាស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ស្របទៅតាមច្បាប់។

ប៉ុន្តែនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង បានចេញលិខិតបដិសេធទទួលស្គាល់លិខិតដែលអាជ្ញាធរខេត្តបានចេញនោះវិញ៕


អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds