សម្តេច ស ខេង ជំរុញអភិបាលរាជធានីខេត្ត បង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លី
(ភ្នំពេញ)៖ បន្ទាប់ពីមានបញ្ហាទំនាស់ដីធ្លី និងការទន្ទ្រានមិនស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លី នៅតាមរាជធានីខេត្តសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានីខេត្ត ត្រូវជំរុញ និងបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយ។
យោងតាមលិខិត ៣ ទំព័រ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ជូនអភិបាលរាជធានីខេត្ត សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា បញ្ហាទំនាស់ដីធ្លីមួយចំនួន នៅតាមរាជធានី ខេត្ត ដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ តែមិនទាន់បានសម្រុះសម្រួល និងដោះស្រាយឲ្យបានចប់ជាស្ថាពរនៅឡើយ។ ករណីខ្លះ ប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ដីធ្លីទាំងនោះ បានមកប្រមូលផ្តុំគ្នាតវ៉ា និងសុំដាក់ញត្តិជូនស្ថាប័នកំពូលរបស់ជាតិ និងក្រសួងពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ជាពិសេសបានដាក់ញ្ញត្តិស្នើសុំការអន្តរាគមន៍ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។
សម្តេច បញ្ជាក់ថា នៅមុនពេលបោះឆ្នោតម្តងៗ ក្រុមឱកាសនិយមមួយចំនួន តែងតែឆ្លៀតធ្វើសកម្មភាពរំលោភទន្ទ្រានកាន់កាប់ដីសាធារណៈ ដីព្រៃឈើ និងដីធ្លី ដែលមានម្ចាស់គ្រប់គ្រងផងដែរ។ ដូច្នេះ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅតាមរាជធានីខេត្ត ការបង្ការទប់ស្កាត់ការចូលទន្ទ្រាន មិនស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លី សំដៅពង្រឹងនីតិរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ។
លោកបន្ថែមថា ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់រដ្ឋបាលរាជធានីខេត្ត ត្រូវប្រើប្រាស់យន្តការដោះស្រាយទំនាស់ដីធ្លី ដែលមានស្រាប់ នៅថ្នាក់រាជធានីខេត្ត ត្រូវអប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លី ស្ថានភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទះរបស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយជម្លោះ ឬការទាមទារតវ៉ាអំពីបញ្ហាដីធ្លី ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងទំនាស់ដីធ្លី នៅតាមខេត្តនីមួយៗឲ្យបានហ្មត់ចត់ ត្រូវណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចឲ្យរក្សាបាននូវភាពអត់ធ្មត់ នៅក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋអំពីបញ្ហាដីធ្លី ដើម្បីបញ្ជៀសបាននូវអំពើហិង្សា ជាដើម៕
អត្ថបទ ៖ សុខ លាភ