លោក សម រង្ស៊ី ការប្រើប្រាស់សារនយោបាយជាបន្តបន្ទាប់ គឺជាយុទ្ធសាស្ត្រមួយដែលធ្វើឱ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន វង្វេង
ភ្នំពេញ៖ តាមរយៈវីដេអូជាង១នាទី ថ្លែងពីប្រទេសបារាំង មេដឹកមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និយាយថា លោកត្រូវការពេលប្រើសង្គ្រាមចិត្តសាស្ត្រ ដើម្បីធ្វើឱ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាចលាចលសិន តាមរយៈសារនយោបាយខ្លួន។
អតីតប្រធានស្តីទីបក្សប្រឆាំងលោក សម រង្ស៊ីថា «ខ្ញុំគ្រាន់តែចង់ធ្វើឱ្យពួក(ក្រុមលោក ហ៊ុន សែន )ហ្នឹងចលាចលបន្តិច។ យើងបង្ហោះព័ត៌មាននេះ យើងលើកឱ្យពួកហ្នឹងគិតខុស គិតត្រូវស្រេចតែលើពួកគេ»។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី ដែលបានបន្ថែមថា ការប្រើប្រាស់សារនយោបាយជាបន្តបន្ទាប់នេះ គឺជាយុទ្ធសាស្ត្រមួយដែលធ្វើឱ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន វង្វេង (ឆ្កួត)។
លោកថា តាមពិតទៅសារនយោបាយដែលលោក ប្រកាសជារឿយៗថា នឹងវិលចូលស្រុកវិញនេះ ហាក់មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ លោកសម រង្ស៊ី ថា អាហ្នឹង គឺជាសង្គ្រាមចិត្តសាស្ត្រ ធ្វើឱ្យអារម្មណ៍ម្ខាង(មេដឹកនាំកម្ពុជា)ទៀត វាជ្រួលច្របល់ ហើយកុំឱ្យគេដឹងមុន។ អាអត់ដឹងមុនហើយ វាធ្វើឱ្យមនុស្សភ័យជាងដឹង ហើយបើគេដឹង គេក្ដាប់(ព័ត៌មាន)បានហើយ ថាយើងទៅដល់ថ្ងៃណា ជិះយន្តហោះនេះ ឆ្លងកាត់ប្រទេសនេះ ចូលតាមច្រកនេះ…ហើយអ្វីដែលគេកំពុងភ័យនេះ ដោយសារតែគេមិនដឹងថា ផ្ទុះពេលណា ផ្ទុះយ៉ាងម៉េច? ហើយខ្ញុំមិនទាន់ប្រកាសថា ថ្ងៃណាខ្ញុំចូលតាមច្រកណាទេ »។
កន្លងមកលោក សម រង្ស៊ី ធ្លាប់បានប្រកាសថា លោកនិងថ្នាក់ដឹកនាំអតីតបក្សប្រឆាំងជាច្រើនរូបទៀត ដែលកំពុងរស់ក្រៅប្រទេសនោះ នឹងវិលចូលស្រុកវិញ នៅខែសីហា ឬយ៉ាងយូរខែកញ្ញាខាងមុខ។ បើតាមលោក សម រង្ស៊ី ការចូលស្រុកវិញនេះ ក៏មានអ្នកនយោបាយ និងមន្ត្រីស្ថាប័នអន្តរជាតិមួយចំនួន អមដំណើរមកជាមួយខ្លួនផងដែរ។
សម្ដេច ហ៊ុន សែន ធ្លាប់ថ្លែងបែបផ្លែផ្កាវិញថា ច្រកទ្វារកម្ពុជាបើកចំហររង់ចាំលោក សម រង្ស៊ី ត្រឡប់ចូលស្រុកវិញគ្រប់ពេលវេលា ប៉ុន្តែការអនុវត្តវិធានការរបស់សមត្ថកិច្ចតាមច្បាប់លើមេដឹកនាំអតីតបក្សប្រឆាំងនេះ វាក៏កើតឡើងគ្រប់រូបភាព និងគ្រប់ពេលវេលាដូចគ្នាដែរ។ ចំណែកមន្ត្រីអន្តរជាតិ ដែលអមដំណើរជាមួយលោក សម រង្ស៊ី នោះ សមត្ថកិច្ចមិនអនុវត្តវិធានការច្បាប់អ្វីឡើយ។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល៕
អត្ថបទ៖ សុខ លាភ