ខ្ចីម៉ូតូគេទៅទិញកាតទូរស័ព្ទ រួចយកទៅបញ្ចាំបាត់ ហើយត្រឡប់មកវិញធ្វើប្រងើយ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន
(ព្រៃវែង)៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយខ្ចីម៉ូតូគេជិះ រួចយកទៅបញ្ចាំបាត់ ទើបត្រឡប់មកវិញ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣៦នាទីរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៩ ។
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សុន កុសល់ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិគោគច្រេស ឃុំអង្ករសរ ស្រុកមេសាង បានប្តឹងទៅលើឈ្មោះ ព្រុំ សាមឿន ហៅ ព្រុំ វ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ពីបទរំលោភលើទំនុកចិត្តរបស់គាត់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ដោយជនសង្ស័យឈ្មោះ ព្រុំ សាមឿន បានទៅខ្ចីម៉ូតូម៉ាកគុបមូលC៥០ គ្មានស្លាកលេខ ទៅទិញកាតដាក់ទូរស័ព្ទមួយភ្លែត រួចក៏ទៅបាត់រហូតមិនឃើញយកម៉ូតូឲ្យគាត់វិញ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣៦នាទី ទើបឃើញជនសង្ស័យ ព្រុំ សាមឿន ចូលមកក្នុងភូមិ មិនឃើញមានម៉ូតូរបស់គាត់មកជាមួយ ទើបគាត់មកប្តឹងនគរបាលប៉ុស្តិ៍អង្គរសរតែម្តង។
ដោយមានការសុំយោបល់ និងអនុញ្ញាតិពីលោកព្រះរាជអាជ្ញា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ព្រុំ សាមឿន មកសាកសួរនៅប៉ុស្តិ៍ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រិត្តពិតប្រាកដមែន ដោយប្រើល្បិចខ្ចី រួចយកម៉ូតូនោះទៅបញ្ចាំឲ្យគេ ។
បច្ចុប្បន្នសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាង យកមករក្សាទុកនៅប៉ុស្តិ៍អង្គរសរ ដើម្បីធ្វើតាមនីតិវិធី ត្រៀមបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត៕
ប្រភព៖ Tvfb