ចំនួនអ្នកស្លាប់កើនដល់​២៨​នាក់​ ដោយព្យុះទីហ្វុងឡេគីម៉ាវាយប្រហារនៅភាគខាងកើតប្រទេសចិន

(ប៉េកាំង)៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី១១​ ខែសីហា ឆ្នាំ២០១នេះ បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានចិន បានឲ្យដឹងថា​នៅព្រឹក​ថ្ងៃអាទិត្យ (១១​សីហា​)ថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងឈ្មោះ Lekima បានកើនឡើងដល់​២៨នាក់ នៅភាគខាងកើតប្រទេសចិន ខណៈដែលក្រុមជួយសង្គ្រោះបានធ្វើការស្វែងរកទីតាំងដែលបាត់ខ្លួន បន្ទាប់ពីព្យុះនេះបានវាយប្រហារ បណ្តាលឲ្យមានការបាក់ដីនិងបង្ខំឲ្យប្រជាជនជាង១លាននាក់ជម្លៀសខ្លួនចេញ។

គួរបញ្ជាក់ថា ព្យុះបិសាចនេះបានមកដល់ទីក្រុងវេនលីងនៅដើមថ្ងៃសៅរ៍សប្តាហ៍នេះ មានខ្យល់បក់​១៨៧ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយមានរលកកម្ពស់ជាច្រើនម៉ែត្របោកបក់លើឆ្នេរសមុទ្រ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍ ស្ថានីយ៍ទូរទស្សន៍ជាតិស៊ីស៊ីធីវី បានឲ្យដឹងថា មនុស្ស​១៨ នាក់បានស្លាប់ដោយសារការរអិលបាក់ដីដែលបង្កឡើងដោយព្យុះភ្លៀងនៅទីក្រុងវេនចូវ ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រខាងត្បូងទីក្រុងសៀងហៃ។

យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ទេថាតើការស្លាប់ចំនួន​១០ នាក់ទៀតដែលបានប្រកាសកាលពីថ្ងៃអាទិត្យបណ្តាលមកពីឧប្បត្តិហេតុដូចគ្នានេះដែរឬទេ។

តែប៉ុន្តែបើយោងតាមអាជ្ញាធរខេត្តហ្សេជាំង បាន​ឲ្យដឹង​ថា មនុស្ស​២០​នាក់កំពុងបាត់ខ្លួននៅឡើយ។

​មិនតែប៉ុណ្ណោះ បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីន​ហួបានរាយការណ៍ថា មនុស្សជាង១លាននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេមុនពេលព្យុះនេះមកដល់ និងមនុស្សប្រហែល​១១ ម៉ឺននាក់ត្រូវបានគេដាក់នៅក្នុងជម្រក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds