និស្សិតម្នាក់ដាក់វេបសាយអាសអាភាសធ្វើជាឯកសារយោងនៅក្នុងកិច្ចការ Assignment របស់ខ្លួន
ម៉ាឡេស៊ី៖ និស្សិតថ្នាក់មហាវិទ្យាល័យម្នាក់បានច្រលំដាក់ link វេបសាយរឿងអាសអាភាសធ្វើជា Reference (ប្រភពសម្រាប់ស្រាវជ្រាវឯកសារ) នៅក្នុង Assignment ផ្លូវការរបស់គេ និងបានបង្កឲ្យការអស់សំណើចជាខ្លាំងពេញសាកលវិទ្យាល័យតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Tunku Abdul Rahman University ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋ Negeri Perak ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ អត្តសញ្ញាណរបស់និស្សិតរូបនេះមិនត្រូវបានគេបង្ហាញនោះទេ ដោយគេមិនចង់ឲ្យរូបគាត់ខ្មាសគេ។ យ៉ាងណាក្តី លោកសាស្ត្រាចារ្យដែលបង្រៀនមុខវិជ្ជាមួយនេះ ដែលមានឈ្មោះថា Teh Peng Hong បានយករឿងនេះទៅបង្ហោះក្នុងបណ្តាញសង្គម Facebook (ដោយមិនបញ្ចេញឈ្មោះនិស្សិត) ដើម្បីដាសតឿនដល់និស្សិតផ្សេងទៀតឲ្យមានការប្រុងប្រយ័ត្ន និងពិនិត្យឯកសារខ្លួនឲ្យបានច្បាស់លាស់មុនពេលយកមកប្រគល់ជូនគ្រូ និងចៀសវាងករណីច្រឡំដូចក្នុងករណីខាងលើនេះ៕