លោក សម រង្ស៊ី ៖ លោក នេត សាវឿន មិនចាំបាច់រត់ចោលស្រុកទេ បើចង់រស់នៅកម្ពុជា គាត់រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ ទៅចាប់លោក ហ៊ុន សែន
អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោកសម រង្ស៊ី ថា មិនចាំបាច់រត់ចោលស្រុកទេ ហើយបើគាត់ចង់រស់នៅលើទឹកដីប្រទេសកម្ពុជា តទៅទៀតយ៉ាងសុខសាន្ត សូមគាត់រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ទៅចាប់លោក ហ៊ុន សែន វិញ ។
លោកសម រង្ស៊ី បានបញ្ជាក់តាមទំព័រហ្វេសបុករបស់លោកនៅរសៀលថ្ងៃទី៩ ខែសីហានេះថា លោក ហ៊ុន សែន បានបញ្ជាឲ្យលោក នេត សាវឿន ដែលជាក្មួយប្រសាររបស់គាត់ និងជាអគ្គស្នងការនគរបាលជាតិ ឲ្យទៅចាប់លោក សម រង្ស៊ី ពេលលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
លោកសម រង្ស៊ី បន្ថែមថា តែលោក នេត សាវឿន ខ្លួនឯង និងក្រុមគ្រួសារគាត់ (ភរិយា និងកូនស្រី ៣ នាក់) បានទៅទិញសញ្ជាតិពីប្រទេស២ នៅឯបរទេស គឺ ប្រទេស សេនគ្រីស្តុហ្វឺអេនណេវីស (Saint Christopher and Nevis) ជាកោះតូចមួយ នៅទ្វីបអាមេរិក និង ប្រទេសសៃប្រឹស (Cyprus) ជាកោះតូចមួយ នៅទ្វីបអឺរ៉ុប។
អតីតមេបក្សប្រឆាំងរូបនេះបន្តថា ក្រោយពីបានដឹងពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថា របប ហ៊ុន សែន ជិតដួលរលំហើយ ទើបក្រុមគ្រួសារលោក នេត សាវឿន នេះ ដែលជិតស្និតជាទីបំផុតជាមួយក្រុមគ្រួសារលោក ហ៊ុន សែន ពួកគាត់ត្រៀមរត់ចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានយកលុយពុករលួយរាប់លានដុល្លារ ទៅដាក់នៅក្រៅប្រទេស។
ក្រៅពីនេះ លោក សម រង្ស៊ី សូមប្រាប់ទៅលោក នេត សាវឿន វិញថា មិនចាំបាច់រត់ចោលស្រុកទេ ហើយបើគាត់ចង់រស់នៅលើទឹកដីប្រទេសកម្ពុជា តទៅទៀតយ៉ាងសុខសាន្ត សូមគាត់រួមកម្លាំងជាមួយប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ទៅចាប់លោក ហ៊ុន សែន វិញ ពេលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ មកដល់ប្រទេសកម្ពុជាវិញ។
ជុំវិញករណីនៃសារពត័មាន Fast News មិនអាចទាក់ទងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីឆ្លើយតបបានទេនៅរសៀលនេះ៕
អត្ថបទ៖ សុខ លាភ