បើកសម្ពោធជាផ្លូវការហើយ! ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបក្រោមជំនួយជប៉ុន
(ភ្នំពេញ)៖ តាមការចុះផ្សាយរបស់ AKP បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបក្នុងរាជធានីភ្នំពេញ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ១៤,៥លានដុល្លារ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងគ្មានការរំខានដោយបញ្ហាកកស្ទះចរាចរណ៍។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញដែលកំពុងដាក់ឱ្យដំណើរការនាពេលកន្លងមកនេះ បានជួយដោះស្រាយបញ្ហាកកស្ទះចរារចណ៍ក្នុងរាជធានីភ្នំពេញបានមួយចំនួនធំ។ ដោយសារតែប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ អាចបញ្ជាចរាចរណ៍ពីចម្ងាយ មិនឱ្យចរាចរណ៍កកស្ទះយូរហើយអាចបញ្ជាទិសចរាចរណ៍ទៅកន្លែងដែលពុំសូវកកស្ទះ។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្តថា គម្រោងនេះគឺមានភាពវ័យឆ្លាតតាមរយៈ ការដំឡើងការបំពាក់ស្តុបថ្មីនៅចំណុចប្រសព្វចំនួន ១១៥ទីតំាង ការបំពាក់កាំម៉ារ៉ាចាប់យករូប ភាពចរាចរណ៍ហើយវិភាគទិន្នន័យ និងការកសាងមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ ដើម្បីងាយស្រួលក្នុងការបញ្ជាចរាចរណ៍ពីចម្ងាយ។ ការបង្កើតគម្រោងគ្រប់គ្រង ប្រព័ន្ធ ចរាចរណ៍នេះ ឡើង គឺជាវិធានការ ដោះស្រាយចំពោះមុខ ខណៈដែលក្នុងរាជធានីភ្នំពេញមានមធ្យោបាយធ្វើដំណើរកើនឡើងខ្លំាងរហូតដល់ជាង ២លានគ្រឿង ដែលបង្កការកកស្ទះជារៀងរាល់ថ្ងៃ។
លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធគ្រប់គ្រងចរាចរណ៍បែបទំនើប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញយ៉ាងមានប្រសិទ្ធភាព។
លោកឯកអគ្គរាជទូត បានបន្ដថា គម្រោងនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងរហូតដល់ជាង ១៤,៥លានដុល្លារ ហើយត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នកាលពីចុងឆ្នាំ ២០១៨កន្លងទៅ ។ មូលហេតុដែលនាំឱ្យមានការកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញកន្លងមកនេះ ដោយសារតែប្រជាពលរដ្ឋបើកបរមិនគោរពច្បាប់ចរាចរណ៍ភ្លើងសញ្ញាចរាចរណ៍ មិនទាន់បានល្អកង្វះខាតនូវប្រព័ន្ធដឹកជញ្ជូនសាធារណៈដូចជា រថយន្តក្រុង រថភ្លើងអាកាសប្រភេទ Sky train AGT Tramway រថភ្លើងក្រោមដី Subway កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ផ្លូវល្បឿនលឿនកង្វះខាតចំណតរថយន្តសាធារណៈ និងការរៀបចំប្រព័ន្ធចរាចរណ៍នៅមានកម្រិត កង្វះខាតការដាក់ផ្លូវឯកទិស ផ្លូវថ្មើរជើង ការលក់ដូរលើចិញ្ចើមផ្លូវ និងលើទ្រូងផ្លូវជាដើម៕
ប្រភព៖ AKP