ទាហានតស៊ូម្នាក់ដែលមានជំលោះដីធ្លី នៅខេត្តព្រះសីហនុ ស្នើអោយឯកឧត្តម ពេជ្រ ស្រស់ ជួយរកយុត្តិធម៌អោយ
ព្រះសីហនុ៖ ខណៈតម្លៃដីនៅក្នុងខេត្តព្រះសីហនុកំពុងហក់ឡើងថ្លៃ ជំលោះដីធ្លីក៏នៅក្នុងខេត្តនេះកំពុងតែជាបញ្ហារវាងពលរដ្ឋ នឹងអ្នកមានអំណាច រវាងអ្នកមានអំណាច នឹងអ្នកមានអំណាច ក្រៅពីនេះក៏មានអ្នកក្លែងឯកសារដើម្បីរំលោភដីផងដែរ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៩ ខែសីហានេះ លោក សឿន ផែនដី ដែលជាទាហានតស៊ូម្នាក់ ជាជនរងគ្រោះ តំណាងម្ចាស់ដីស្របច្បាប់បានស្នើសុំអោយឯកឧត្តម ពេជ្រ ស្រស់ ចុះពិនិត្យ នឹងសិក្សាជំលោះដីធ្លីរបស់គាត់ដែលមានទំហំជាង៣ហិចតា ស្ថិតនៅភូមិគគីរ ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជួយរកយុត្តិធម៌ជូនគាត់ ដែលគេលួយធ្វើលិខិតក្លែងក្លាយដើម្បីរំលោភយកដីគាត់។
លោក សឿន ផែនដី បានអោយដឹងថា ដីគាត់គឺជាដីស្របច្បាប់ដែលគាត់បានអាស្រ័យផលជាច្រើនឆ្នាំមកហើយ តែស្របពេលដែលដីតំបន់នេះកំពុងមានហាងឆេង ស្រាប់តែមានជនម្នាក់តែងតាំងខ្លួនជា ឯកឧត្តម មកធ្វើផ្ទះក្នុងដីរបស់គាត់ ព្រមទាំងកាប់បំផ្លាញដំណាំស្វាយរបស់គាត់ចោលអស់ ។ ជាមួយគ្នានេះដែរជននោះបានជួលប្រជាជន អោយមកការពារដីដែលជាកម្មសិទ្ធរបស់គាត់ទៀតផង។
ជាមួយគ្នានេះដែល ជនរងគ្រោះដែលជាម្ចាស់ដីបាន ស្នើអោយឯកឧត្តម ពេជ្រ ស្រស់ ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ ពាំនាំបញ្ហារបស់គាត់រាយការជូនប្រមុខរដ្ឋាភិបាលសម្តេចតេជោដើម្បីជួយដោះស្រាយដល់គាត់ផង។
ជាការឆ្លើយតប ឯកឧត្តម ពេជ្រ ស្រស់ ប្រធានប្រតិភូបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ បានលើកឡើងថា ចំពោះករណីនេះ ភាគីតំណាងដីស្របច្បាប់គឺលោក សឿង ផែនដី ប្តឹងមកខ្ញុំ ខ្ញុំនឹងរាយការណ៍ទៅ សម្តេចតេជោ ក្នុងការទប់ស្កាត់ និងចាត់ការឲ្យតឹងរឹងលើក្រុមដើរយកដីខុសច្បាប់ទាំងនេះ៕
អត្ថបទ៖ សុខ លាភ