រដ្ឋាភិបាលថៃ បង្ហើបអ្នកពាក់ព័ន្ធក្នុងករណីបំផ្ទុះគ្រាប់បែកនៅបាងកក
ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit Wongsuwan បានប្រាប់អ្នកសារព័ត៌មានថា ករណីបំផ្ទុះគ្រាប់បែកកាលពីថ្ងែទី២ ខែសីហាកន្លងទៅនេះ គឺពាក់ព័ន្ធទៅនឹងចលនាផ្ដាច់ខ្លួននៅភាគខាងត្បូងប្រទេសថៃ។
គួរកត់សម្គាល់ថា ការបំផ្ទុះគ្រាប់បែកនេះ គឺកើតឡើងនៅពេលដែលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ កំពុងតែដំណើរការនៅទីក្រុងបាងកក។ ក្នុងចំណោមអ្នកចូលរួមកិច្ចប្រជុំនេះមាន រដ្ឋលេខាធិការការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi។
គ្រាប់បែកសរុបមាន៩គ្រាប់ ក្នុងនោះផ្ទុះបាន ៦គ្រាប់ ដែលធ្វើឲ្យមនុស្សបួននាក់រងរបួស។ ជនសង្ស័យពីររូបដែលគេដឹងថាមកពីខាងត្បូងប្រទេសថៃ ត្រូវបានប៉ូលិសចាប់ខ្លួន ក្រោយពីរកឃើញគ្រាប់បែកនៅក្បែរប៉ុស្តិ៍ប៉ូលិស។
ការវាយប្រហារនេះ កើតឡើងក្រោយការកើនឡើងភាពតានតឹងនៅតំបន់ភាគខាងត្បូងប្រទេសថៃ ដោយសារការចាប់ខ្លួនជនសង្ស័យផ្ដាច់ខ្លួនឈ្មោះ Abdulloh Esormusor ដែលត្រូវទាហានថៃធ្វើការសួរចម្លើយរហូតដល់បាត់បង់ស្មារតី ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕