ផ្សារសាមគ្គីត្រពាំងរពៅ នៅស្រុកទឹកឈូ ខេត្តកំពត ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញទាំងស្រុង
(កំពត)៖ ផ្សារសាមគ្គីត្រពាំងរពៅ ត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុងហើយ ។ ដោយករណីឆេះផ្សារសាមគ្គីត្រពាំងរពៅ ដែលស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត បានកើតឡើងកាលពីយប់ម៉ោង៨ ថ្ងៃទី០៧ ខែសីហា និងត្រូវបានសមត្ថកិច្ចបានគ្រប់គ្រងអគ្គិភ័យ មិនឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ នៅវេលាម៉ោង ១០និង៣០នាទី។
ដោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអោយដឹងថាប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពតផង និងពីរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុផង។
តាមសេចក្តីរាយការណ៍ពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា តូបក្នុងផ្សារសាមគ្គីត្រពាំងរពៅ មានប្រមាណជាង២០០តូប ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុងហើយ នៅយប់ថ្ងៃទី០៧ ខែសីហានេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ ចំពោះមូលហេតុនៃការឆេះ និងទំហំខូចខាតមិនទាន់ដឹងនៅឡើយ៕