Apple ធ្លាក់ទៅឈរនៅតំណែងលេខ 4 ក្នុងទីផ្សារស្មាតហ្វូន
កាលពីសប្តាហ៍មុន Apple បានប្រកាសពីទិន្នន័យ ដែលបង្ហាញពីការនាំចេញស្មាតហ្វូនរបស់ខ្លួន ឲ្យសាធារណៈជនបានដឹង គិតត្រឹមត្រីមាសទី 3។ ប៉ុន្តែក្នុងនោះដែរ ក្រុមហ៊ុនអាមេរិកនេះ មិនបានបញ្ជាក់ពីចំនួន ដែលផលិតផល iPhone លក់បាននោះទេ។ ដោយឡែក នៅក្នុងការបង្ហាញនោះ យើងបានឃើញថា ចំនួននាំចេញ iPhone គឺមានការធ្លាក់ចុះ បើប្រៀបទៅនឹងឆ្នាំមុន ហើយនៅខាងក្រោមនេះ គឺជាពត៌មានលម្អិត ដែលយើងទទួលបាន។
ពិតណាស់ បើតាមការបង្ហាញបានឲ្យដឹងថា ការនាំចេញផលិតផល iPhone បានធ្លាក់ចុះប្រមាណជា 14.6% បើប្រៀបទៅនឹងត្រីមាសទី 3 ក្នុងឆ្នាំមុន ពោលគឺឆ្នាំនេះ iPhone ត្រូវបាននាំចេញពីរោងចក្រចំនួន 35.3 លានគ្រឿង ស្របពេលដែលឆ្នាំមុន ស្មាតហ្វូននេះ បាននាំចេញដល់ទៅ 41.3 លានគ្រឿងទៅហើយ។ លើសពីនេះទៅទៀត ក្រុមអ្នកវិភាគ នៅតែគិតថា Apple នឹងនៅតែបន្តធ្លាក់ចុះ ជារៀងរាល់ឆ្នាំ ដោយសារតែកត្តាមួយចំនួន ដែលក្រុមហ៊ុននេះ មិនព្រមផ្លាស់ប្តូរទម្លាប់។
ក្នុងនោះ Samsung នៅតែបន្តឈរនៅលំដាប់ទី 1 ដដែល ខណៈពេល Huawei និង OPPO ឈរនៅលំដាប់ទី 2 និង 3 ដែលលេខ 4 បានទៅលើ Apple នេះឯង។ មួយវិញទៀត ចំពោះកត្តាដែលធ្វើឲ្យ ក្រុមហ៊ុនផ្លែប៉ោម ថយចុះក្នុងទីផ្សារស្មាតហ្វូន ជារៀងរាល់ឆ្នាំបែបនេះ វាអាចមកពី iPhone មិនមានជា ម៉ូឌែលស្មាតហ្វូនលំដាប់ថវិកាឡើយ ពោលគឺមានតែលំដាប់កំពូលប៉ុណ្ណោះ៕
ប្រភព៖ 9To5 Mac