លោក យ៉ែម បុញ្ញារិទ្ធ ៖ EU បានផ្តល់ EBA ដោយមិនយកពន្ធពីខ្មែរ ប៉ុន្តែទំនិញអឺរ៉ុបនាំមកខ្មែរគេសុខចិត្តបង់ពន្ធឱ្យ ព្រោះគេចង់ជួយខ្មែរ
សហភាពអឺរ៉ុបបានផ្ដល់ការអនុគ្រោះពន្ធ EBA ដោយមិនយកពន្ធពីខ្មែរ ប៉ុន្តែទំនិញរបស់អឺរ៉ុបនាំមកខ្មែរគេសុខចិត្តបង់ពន្ធឱ្យខ្មែរ ព្រោះគេមានបំណងចង់ជួយខ្មែរ ឱ្យមានការងារធ្វេី និងកសាងស្ដារសេដ្ឋកិច្ចប្រទេសជាតិយេីងឡេីងវិញ។ នេះជាការលើកឡើងរបស់លោក យ៉ែម បុញ្ញារិទ្ធ អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង។
អតីអ្នកនាំពាក្យបក្សប្រឆាំង សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី៧ ខែសីហាថា យើងត្រូវរួមគ្នាដោះស្រាយបញ្ហា ដេីម្បីរក្សា EBA ដែលជាផលប្រយោជន៍សម្រាប់ខ្មែរ។ យេីងរក្សារបស់ដែលមាន ហេីយខិតខំស្វែងរកបន្ថែមទៀតដេីម្បីពង្រឹង និងពង្រីកកម្លាំងជាតិទៅមុខទៀត ពោលគឺការផ្លាស់ប្តូរជាវិជ្ជមាន ឱ្យមានការរីកចម្រើនបន្តបន្ថែមទៀតលើគ្រប់វិស័យ មានការងារបន្ថែមទៀតនាំមកនូវការកាត់បន្ថយភាពក្រីក្រ…
លោកបន្ថែមថា ថ្នាក់ដឹកនាំរបស់ប្រទេសនីមួយៗ តែងតែព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ ដេីម្បីជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់គេ។ គេព្យាយាមរក្សាស្ថិរភាព ឯកភាពជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ទាក់ទាញវិនិយោគទុន បង្កេីតការងារ ។ល។ ហេីយគេព្យាយាមសុំ FTA ពីសហភាពអឺរ៉ុប ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសពីរមិនយកពន្ធគ្នាទៅវិញទៅមក៕
អត្ថបទ៖ សុខ លាភ